សកម្មភាពបង្រៀនដោយស្ម័គ្រចិត្តរបស់ Mr. Ethan ជាជនជាតិអាមេរិក

នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ជាកម្មវិធីសាលារៀនជំនាន់ថ្មី ដែលធានាការអប់រំកម្រិតខ្ពស់ក្នុងនោះសិស្សត្រូវរៀនរយៈពេល៧ម៉ោងសិក្សាក្នុងមួយថ្ងៃ ដែលគ្រូមានស្ដង់ដាវិជ្ជាជីវៈខ្ពស់ព្រោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលបម្រើការងារនៅសាលារៀនជំនាន់ថ្មីត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុមប្រឹក្សាភិបាលសាលារៀន ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូ ក៏ត្រូវឆ្លងកាត់ការវាយតម្លៃចុងឆ្នាំជារៀងរាល់ឆ្នាំជាមួយក្រុមប្រឹក្សាភិបាលសាលារៀន ដើម្បីបន្តកិច្ចសន្យាជាមួយសាលារៀនជំនាន់ថ្មី។ សិស្សដែលរៀននៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីមិនត្រឹមតែទទួលបានចំណេះដឹងនោះទេ ថែមទាំងមានបំណិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ បំណិនជីវិតដាំដំណាំ ការដាំស្ល​ ដេរប៉ាក់ សិល្បៈ​​ ការធ្វើបទបង្ហាញ មានភាពជឿជាក់លើខ្លួនឯងជាដើម។ នៅសាលារៀននេះក៏មានក្លឹបសិក្សាចំនួន ៩​គឺ ក្លឹបប្រវត្តិ ក្លឹបអង់គ្លេស ក្លឹបថតរូប ក្លឹបកីឡា ក្លឹបគណិតវិទ្យា ក្លឹបភាសាខ្មែរ ក្លឹបនិពន្ធ ក្លឹបព្រឹត្តិបត្រ និងក្លឹបសិល្បៈ ដែលធ្វើឡើងសម្រាប់ឱ្យសិស្សដែលមានចំណាប់អារម្មណ៍ និងមានបំណិនដូចៗគ្នារៀនជាមួយគ្នាដើម្បីបង្កើតអ្វីដែលខ្លួនចង់បាន។ ក្នុងនោះក៏មានគ្រូជនជាតិអាមេរិកឈ្មោះMr Ethan ដែលមកពីស្ថាប័ន Peace Corps Cambodia​ លោកបានជួយបង្រៀនភាសាអង់គ្លេសដោយស្ម័គ្រចិត្ត ដល់សិស្សានុសិស្សពីថ្នាក់ទី៣ ដល់ទី៦ ក្នុងមួយថ្នាក់មានរយៈពេល២ម៉ោងសិក្សាក្នុងមួយសប្ដាហ៍ដើម្បីធ្វើឱ្យសិស្សមានបំណិនក្នុងការទំនាក់ទំនងជាមួយបរទេស មានបំណិនក្នុងការស្ដាប់ អាន និងសរសេរបានល្អ។ ក្រៅពីនេះគ្រូបន្ទុកថ្នាក់ជាអ្នកបង្រៀន។ សូមបញ្ជាក់ថាសិស្សានុសិស្សបានសិក្សាភាសាអង់គ្លេសមួយម៉ោងសិក្សានៅម៉ោង៤:០០នាទី ដល់៥: ០០នាទី ជារៀងរាល់ថ្ងៃគ្រប់កម្រិតថ្នាក់។

ការរៀនពី Habits & Hobbies របស់សមាជិកក្លឹបអង់គ្លេស

នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ សមាជិកក្លឹបអង់គ្លេស បានប្រជុំនៅក្នុងបណ្ណាល័យ ដើម្បីសិក្សាពីការនិយាយពីទម្លាប់និង សកម្មភាពដែលពួកគេចូលចិត្តធ្វើជាភាសាអង់គ្លេស។ ដំបូង អ្នកគ្រូដឹកនាំបានសួរតិចតួចអំពីពួកគេ ដោយសារសប្ដាហ៍មុន ក្លឹបរបស់យើងបានសម្រាក បន្ទាប់មកគាត់ក៏បានឱ្យអនុប្រធានក្លឹបធ្វើការចាត់ចែងការចុះវត្តមានរបស់សមាជិកក្លឹប។ ដោយសារការប្រជុំមុន យើងបានរៀនពីប្រធានបទមិត្តភក្ដិជាភាសាអង់ អ្នកគ្រូក៏បានដាក់កិច្ចការផ្ទះឱ្យសមាជិកមើលវីដេអូរឿងនិទាន The Lion and the Mouse។ ដូច្នេះមុននឹងរៀនពីប្រធានបទថ្មី អ្នកគ្រូបានឱ្យសិស្សម្នាក់ ចែករំលែកពីអ្វីដែលបានយល់ក្នុងរឿងនោះ។ នៅពេលនោះមានប្អូនប្រុសម្នាក់ បាននិយាយរៀបរាប់បានយ៉ាងក្បោះក្បាយពីសាច់រឿង។ ហើយអ្នកគ្រូក៏បានសួរពីតម្លៃអប់រំរបស់រឿង ថាតើពួកគេធ្វើយ៉ាងណាទើបក្លាយជាមិត្តល្អ។ សមាជិកក្លឹបបានប្រាប់ថា មិត្តភក្ដិត្រូវចេះ ជួយគ្នា គោរពគ្នា និង ជឿទុកចិត្តគ្នាទៅវិញទៅមក។

 

សម្រាប់សប្ដាហ៍នេះសមាជិកក្លឹបបានរៀនពីឃ្លា និង ពាក្យដែលអាចប្រើប្រាស់បានដើម្បីនិយាយអំពីទម្លាប់ និង សកម្មភាពពេលទំនេរជាភាសាអង់គ្លេស។ បន្ទាប់ពីប្រជុំចប់សមាជិកទាំងអស់បានណែនាំឱ្យធ្វើកិច្ចការផ្ទះ ដែលជាការគូសលើក្រដាសបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ហើយត្រូវថតវីដេអូនិយាយពីទម្លាប់ទាំងអស់នោះផ្ញើចូលគ្រុបតេលេក្រាមក្លឹប។