ការចុះជួយផ្នែកវិធីសាស្រ្តបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ អំពីការពិសោធន៍រករូបផ្គុំផ្សេងៗនៃផ្កា ដោយអ្នកគ្រូជនជាតិជប៉ុនដែលជួយបណ្ដុះបណ្ដាលគ្រូនៅគរុកោសល្យ និងវិក្រឹត្តការខេត្តកំពង់ចាម

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានដឹកនាំសិស្សសិក្សាអំពីការពិសោធន៍រករូបផ្គុំផ្សេងៗនៃផ្កា ដោយមានការចូលរួមជួយដោយអ្នកគ្រូជនជាតិជប៉ុន។

សកម្មភាពមុនពេលពិសោធន៍

លោកគ្រូបានដឹកនាំសិស្សរៀបចំសម្ភារៈសម្រាប់ពិសោធន៍តាមក្រុមដូចជា

  • ផ្កា៣ប្រភេទ
  • កូនដង្កាប់
  • កន្ត្រៃ
  • ក្រដាសរ៉ាម
  • ស្កុត

បែងចែកសិស្សជា៤ក្រុម

ណែនាំអំពីការពិសោធន៍

សកម្មភាពអំឡុងពេលពិសោធន៍

  • សិស្សចាប់ផ្ដើមយកផ្កាមកពុះជាពាក់កណ្ដាលដោយប្រើកន្ត្រៃ
  • សិស្សសង្កេតមើលផ្កាដែលបានពុះ
  • សិស្សយកកូនដង្កាប់មកទាញយកផ្នែកផ្សេងៗនៃផ្កាដាក់លើក្រដាសរ៉ាម ហើយបិទស្កុតពីលើ(ត្របកផ្កា ស្រទាប់ កេសរឈ្មោល និងកេសរញី)
  • សិស្សចាប់ផ្ដើមសង្កេត ហើយសរសេរឈ្មោះរូបផ្គុំនៃផ្កា

សកម្មភាពក្រោយពេលពិសោធន៍

  • សិស្សសង្កេត ហើយប្រៀបធៀបរូបផ្គុំនៃផ្កាទាំងបីប្រភេទ
  • សិស្សតាមក្រុមបង្ហាញពីលទ្ធផលនៃការពិសោធន៍

បំណិនផ្សារភ្ជាប់និងជីវភាពប្រចាំថ្ងៃ

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សអាចយកទៅអនុវត្តន៍ពិសោធន៍ផ្ទាល់លើផ្កាផ្សេងៗទៀត។

 

 

ការចុះជួយគាំទ្រវិធីសាស្ត្របង្រៀនភាសាខ្មែរ និងគណិតវិទ្យារបស់លោកគ្រូ អ្នកគ្រូសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានកិត្តិយសណាស់ដែលបានលោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមចុះជួយលើវិធីសាស្រ្តបង្រៀនភាសាខ្មែរ និងគណិតវិទ្យាចាប់ពីកម្រិតថ្នាក់ទី១ ដល់កម្រិតថ្នាក់ទី៦មានរយៈពេល២ខែគិតចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៤។  លោកគ្រូ អ្នកគ្រូដែលបានចុះជួយរួមមាន៖

  • អ្នកគ្រូ ផល្លា សុម៉ាលីណា ជាគ្រូបង្គោលផ្នែកភាសាខ្មែរ
  • អ្នកគ្រូ ស​ សុវឌ្ឍនា ជាគ្រូបង្គោលផ្នែកភាសាខ្មែរ
  • លោកគ្រូ ជា បញ្ញា ជាគ្រូបង្គោលផ្នែកគណិតវិទ្យា
  • លោកគ្រូ ផាន់់ ហាច ជាគ្រូបង្គោលផ្នែកគណិតវិទ្យា

ការចុះត្រួតពិនិត្យនំចំណីអាហារដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប”

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប” បានចុះត្រួតពិនិត្យនំចំណីអាហារនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី)​ ជួបជាមួយអ្នកលក់ដូរនំចំណីអាហារនៅក្នុងសាលារៀន ណែនាំពីនំចំណីអាហារណាដែលគួរលក់ និងមិនគួរលក់ ថែមទាំងបានណែនាំពីអនាម័យទុកដាក់នំចំណីអាហារឱ្យមានអនាម័យល្អ​។ ក្រោយពីបានចុះណែនាំដល់អ្នកលក់ដូរនំចំណីអាហារនៅក្នុងសាលារៀនក៏បានជួបប្រជុំជាមួយសិស្សានុសិស្សនៅក្នុងសាលាប្រជុំធំ ណែនាំការស្វែងយល់ក្នុងការជ្រើសរើសនំចំណីអាហារដែលមានសុវត្ថិភាពដល់សិស្សានុសិស្សមានដូចជា៖

  1. សំបកវេចខ្ចប់ដែលមានស្លាកសញ្ញាត្រឹមត្រូវ  ​ ឈ្មោះ អាសយដ្ឋានអ្នកទទួលខុសត្រូវ គ្រឿងផ្សំ ពត៌មានអាហារូបត្ថម្ភ លក្ខខណ្ឌរក្សាទុក ប្រភពផលិតផល ទម្ងន់សុទ្ធ ថ្ងៃខែឆ្នាំផលិត ផុតកំណត់ប្រើប្រាស់​ លេខឡូតិ៍ និងរបៀបប្រើប្រាស់។
  2. សូមបប្រុងប្រយ័ត្នចំពោះផលិតផល ប្រភេទម្ហូបអាហារដែឡអាចប្រើប្រាស់សារធាតុគីមីហាមឃាត់ ស្រា ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា ប្រភពផលិតផល ការដាកតាំងលក់មិនមានលកក្ខណៈត្រឹមត្រូវ បន្លែ ផ្លែឈើស្រស់ដែលមានសំណល់ថ្នាំកសិកម្មលើសកម្រិត អំបិលគ្មានជាតិអ៊ីយ៉ូដ ប្រេង ឬខ្លាញ់ដែលប្រើប្រាស់ច្រើនដង និងម្ហូបអាហារដែលចម្អិនជ្រុល(ខ្លោច) អាចបង្កឱ្យមានជំងឺមហារីក
  3. សូមជៀសវាងការជ្រើសរើសផលិតផល កំពិត ឬប៉ោង ច្រែះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ ម្ហូបអាហាររក្សាទុកខុសលក្ខខណ្ឌសីតុណ្ហភាព ផលិតផលក្លែងបន្លំគុណភាព(ស្ករស ស្ករអំពៅ ក្លែងបន្លំធ្វើជាស្ករត្នោត) តាំងលក់គ្មានអនាម័យ គ្មានស្លាកសញ្ញា ម្ហូបអាហារក្លែងក្លាយ(ឧទាហរណ៍ បង្គាស្រស់មានចាក់ចាហួយ)

បន្ទាប់ពីការណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប” សិស្សានុសិស្សបានចោទជាសំណួរមួយចំនួននូវអ្វីដែលគាត់ពុំទាន់បានយល់អំពីបញ្ហានំចំណីអាហារដែលគាត់កំពុងតែប្រើប្រាស់ និងនំចំណីអាហារដែលគាត់ឃើញគេលក់នៅទីផ្សារ បង្កឱ្យបរិយាកាសក្នុងសាលប្រជុំទាំងមូលសប្បាយរីករាយ និងទទួលបានចំណេះដឹងល្អជាច្រើន ដែលមានសំណួរចម្លើយជាច្រើនរវាងសិស្សានុសិស្ស និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប”។ ក្រោយពេលសិស្សានុសិស្សបានយល់ច្បាស់អំពីនំចំណីអាហារដែលគួរបរិភោគ និងមិនគួរបរិភោគ សិស្សនឹងយកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយផ្សំផ្សាយបន្តនូវអ្វីដែលគាត់បានដឹងបន្ទាប់ពីមួយប្រជុំនេះ។

សិស្សថ្នាក់ទី៦ក រៀនកុំព្យូទ័រអំពី ការប្រើប្រាស់Tab menu Insert នៅក្នុងMs. Power Point

នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ក នៃសាលាបឋមសិក្សាអនុវត្ត ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) មានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ​ មឿន ស៊ីណា ជាគ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី៤ ដល់ទី៦។ នៅថ្ងៃនេះសិស្សានុសិស្សបានស្វែងយល់អំពីការប្រើប្រាស់ Tab menu Insert នៅក្នុងMs. Power Point មានដូចជា ការបង្កើតតារាង ការទាញរូបភាពពី This Device និងOnline Pictures ការជ្រើសរើសShape Smart Art និងChart។

ក្រោយពេលសិស្សបានស្វែងយល់តាមរយៈការបង្ហាញរបស់គ្រូនៅលើផ្ទាំងស្លាយ សិស្សានុសិស្សបានអនុវត្តទទួលបានលទ្ធផលដូចខាងក្រោម៖

បង្កើតតារាង

ទាញរូបភាពពីThis Device និងOnline pictures

ទាញផ្នែកមួយៗរបស់ Shape  ផ្គុំចេញជារូបមនុស្ស

ទាញ Smart Art ដើម្បីបង្ហាញពីវដ្តរបស់មេអំបៅ

ទាញ Chart ដើម្បីបង្ហាញពីពិន្ទុកុំព្យូទ័រថ្នាក់ទី៤ ទី៥ និងទី៦

នេះជាសកម្មភាពសិស្សអនុវត្តន៍ផ្ទាល់លើកុំព្យូទ័រម្នាក់មួយគ្រឿង

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សអាចយកបំណិននេះទៅប្រើប្រាស់ក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់គាត់បាន តាមរយៈការធ្វើបទបង្ហាញ​។​

ការហ្វឹកហាត់វាយអក្សររបស់សិស្សថ្នាក់ទី៤ក

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៤ក នៃសាលបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានសិស្សសរុបចំនួន ៣៦នាក់​​ ដែលបង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ជាគ្រូបង្រៀនកុំព្យូទ័រកម្រិតបឋម។ សិស្សានុសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard តាមរយៈផ្ទាំងខាងក្រោម ដែលបបញ្ជាំងនៅលើផ្ទាំងស្លាយ។នៅពេលបង្ហាញផ្ទាំងនេះ អ្នកគ្រូបានចោទសួរសិស្សអំពីរបៀបដាក់សម្រាមដៃនីមួយៗដោយការចាប់ឈ្មោះ។ បន្ទាប់មកអ្នកគ្រូបានចែកផ្ទាំងនេះដល់សិស្សម្នាក់មួយសន្លឹក។

ក្រោយពេលសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard សិស្សទាំងអស់បានចូលអនុវត្តន៍ក្នុងកម្មវិធី Rapid Typing វាយអក្សរជាភាសាអង់គ្លេសតាមលំដាប់លំដោយនៃមេរៀន។ សូមបញ្ជាក់ផងដែរថាកម្មវិធីRapid Typingនេះពុំត្រូវការប្រើប្រាស់អ៊ីនធឺណែតនោះទេ។ ខាងក្រោមនេះជាលីងតំណភ្ជាប់សម្រាប់តម្លើងកម្មវីធីRapid Typing.

លីងតំណភ្ជាប់ៈ https://rapidtyping.com/downloads.html

ខណៈពេលដែលសិស្សានុសិស្សកំពុងវាយអក្សរក្នុងកម្មវិធីRapid Typing មានកិត្តិយសណាស់ដែលខាងប្រធាន និងអនុប្រធានការិយាល័យបឋមនៃមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលាបឋមអនុវត្តន៍ ហ៊ុនសែនលោកក៏បានឈាងចូលនៅក្នុងបន្ទប់កុំព្យូទ័រផងដែរ។ លោកប្រធាន និងអនុប្រធាន លោកបានកោតសរសើរចំពោះការបង្រៀន និងរៀនបែបនេះ លោកថែមទាំងបានលើកទឹកចិត្តដល់គ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រឱ្យបន្តរក្សាការបង្រៀនបែបនេះកុំឱ្យបាត់បង់ និងបន្តរកអ្វីដែលថ្មីៗសម្រាប់សិស្សានុសិស្ស។

ក្រោយពេលសិស្សរៀនមេរៀននេះចប់ អ្នកគ្រូបានទម្លាក់លីងកម្មវិធីនេះចូលក្នុងក្រុមថ្នាក់ទី៤ក ដើម្បីឱ្យអាណាព្យាបាលសិស្សតម្លើងកម្មវិធីនេះរៀនវាយនៅផ្ទះរៀងៗខ្លួន។ ចំណែកឯសិស្សដែលពុំមានកុំព្យូទ័រ សាលាបានអនុញ្ញាតឱ្យសិស្សមកសិក្សានៅក្នុងបន្ទប់បណ្ណាល័យដែលមានកុំព្យុទ័រចំនួន ២គ្រឿង និងបន្ទប់កុំព្យូទ័រដែលមានចំនួន ៣៦គ្រឿង។​ ពេលសិស្សវាយអក្សរនៅក្នុងកម្មវិធីនេះចប់សិស្សមានបំណិនក្នុងការវាយអក្សរ ពាក្យបានលឿន និងត្រឹមត្រូវ។

សិស្សថ្នាក់ទី៥ រៀនកុំព្យូទ័រស្ដីអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានសិក្សាអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរ​​​ ដែលសិស្សានុសិស្សក្នុងមួយថ្នាក់មានចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ។ ក្រោយពេលសិស្សបានស្វែងយល់ទ្រឹស្ដីអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរតាមរយៈការងារក្រុម សិស្សអនុវត្តន៍សរសេរជាពាក្យ និងប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយដាក់ដៃបានត្រឹមត្រូវ និងរក្សាទុកឯកសារនៅក្នុងFolder រៀងៗខ្លួន ក្នុងនោះក៏មានសិស្សជួយសិស្សផងដែរ។ ចំណែកឯកិច្ចការផ្ទះសិស្សានុសិស្សដែលពុំមានកុំព្យូទ័រសម្រាប់អនុវត្តន៍នៅផ្ទះ សាលាបានអនុញ្ញាតឱ្យសិស្សមកធ្វើកិច្ចការផ្ទះនៅក្នុងបន្ទប់បណ្ណាល័យ ដែលមានកុំព្យូទ័រចំនួន ២គ្រឿង និងនៅក្នុងបន្ទប់កុំព្យុទ័រដែលមានកុំព្យូទ័រចំនួន ៣៦គ្រឿង ក្នុងនោះដែរសិស្សត្រូវយកTabletពីបណ្ណាល័យថតឯកសារនោះដាក់ក្នុងក្រុមថ្នាក់កុំព្យូទ័ររបស់ខ្លួន។ ចំណែកឯសិស្សដែលមានកុំព្យុទ័រ ក្រោយពេលអនុវត្តន៍កិច្ចការផ្ទះរួច ផ្ញើជាFileចូលក្រុមថ្នាក់កុំព្យូទ័រ។

  1. Read More …

ការធ្វើបទបង្ហាញពីសុជីវធម៌ក្នុងសង្គមរបស់សិស្សថ្នាក់ទី៦

នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី៦ខ បានចែករំលែកពីប្រធានបទការមានសុជីវធម៌ក្នុងសង្គម នៅដងទង់ជាតិ បន្ទាប់ពីពួកគេបានរៀនពីរបៀបធ្វើស្លាយនិងធ្វើបទបង្ហាញក្នុងម៉ោងកុំព្យូទ័រ។ ពួកគេបានជ្រើសរើសប្រធានបទនេះឡើង ដើម្បីធ្វើបទបង្ហាញនិងចែករំលែកទៅកាន់សិស្សានុសិស្សរួមសាលាដទៃទៀត ព្រោះសុជីវធម៌ក្នុងការរស់នៅពិតជាមានសារសំខាន់មែនទែនសម្រាប់មនុស្សគ្រប់គ្នា។

តាមរយៈសកម្មភាពនេះ សិស្សានុសិស្សកំពុងតែរៀនពីការចែករំលែក និង ពង្រឹងភាពក្លាហានរបស់ពួកគេក្នុងវ័យក្មេង។ មួយវិញទៀតពួកគេ ក៏បានរៀនរិះគិតពីចំណុចដែល អាចជាប្រយោជន៍ដល់សិស្សដទៃទៀត។

ការរៀនអំពីទម្ងន់របស់សិស្សថ្នាក់ទី ២គ

សិស្សានុសិស្សថ្នាក់ទី ២គ បានរៀនពីទម្ងន់ និង ការប្រៀបធៀបពីរគិតជាគីឡូក្រាមដោយប្រើពាក្យធ្ងន់ជាង ស្រាលជាង និង ស្មើ។ ក្នុងសម្មភាពរៀននិងបង្រៀននេះផងដែរ សិស្សានុសិស្សបានអនុវត្តដោយជញ្ជីងថ្លឹងវត្ថុផ្សេងៗជាក់ស្ដែង និង ប្រាប់ពីទម្ងន់ដែលពួកគេបានប្រៀបធៀប។

ការរៀនពីបរិមាណចតុកោណកែងរបស់សិស្សថ្នាក់ទី ៣ក

សិស្សានុសិស្សថ្នាក់ទី ៣ក បានរៀនពីបរិមាណចតុកោណកែង និង ធ្វើការងារក្រុមដើម្បីអនុវត្តអ្វីដែលបានរៀន។ យើងសង្កេតឃើញថា សិស្សានុសិស្សមានការយកចិត្តទុកដាក់ និង ចូលរួមយ៉ាងសកម្មក្នុងការថ្នាក់រៀន។

ការធ្វើលំហាត់ជាបុគ្គលលលើក្ដារឈ្នួន

នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី៤ក បានអនុវត្តធ្វើលំហាត់ភាគរយជាបុគ្គលលើក្ដារឈ្នួនដើម្បីហ្វឹកហាត់មេរៀនដែលបានរៀនរួច។ សិស្សានុសិស្សបានធ្វើលំហាត់ជាច្រើន ហើយអ្នកគ្រូក៏បានកែកំហុស និង ពង្រឹងចំណេះដឹងរបស់សិស្សបន្ថែមទៀតដោយពន្យល់ និង ណែនាំពីរបៀបការគណនាចម្លើយឱ្យបានត្រឹមត្រូវ។