ការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា

នៅវេលា ម៉ោង ៧: ០០ នាទីព្រឹក ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣  គណៈគ្រប់គ្រង់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ព្រមទាំង សិស្សានុសិស្សថ្នាក់ទី ៦ក  និងសិស្សជ័យលាភីអំណានថ្នាក់ជាតិកុមារី វិបុលរតនា ចាងជូលី ដែលបានដឹកនាំដោយលោកគ្រូ ចុង ហ្វីនី បានចូលរួមក្នុងពិធីប្រារព្វទិវាកុមារអន្តរជាតិ ដែលត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម និង មន្ទីរអប់រំ យុវជន និង កីឡា និង ធ្វើឡើងនៅទីលានប្រជុំគរុកោសល្យភូមិភាគ។ ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានធ្វើការសំណេះសំណាលនិងអានសារលិខិតពី សម្ដេចតេជោ ហ៊ុន សែន។ បន្ទាប់ពីមតិស្វាគមន៍នេះ លោកប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ក៏បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ។

 

ក្នុងពិធីនេះផងដែរ កុមារី វិបុលរតនា ចាងជូលី បានអានអត្ថបទអំណាន យ៉ាងពិរោះរណ្ដំ បង្កប់ទៅដោយអត្ថន័យអប់រំ ជាចំណែកដើម្បីអបអរសារទរទិវាដ៏សំខាន់សម្រាប់កុមារគ្រប់រូបក្នុងពិភពលោក។ ជាកិច្ចបញ្ចប់ កុមារ និង កុមារីពីររូប បានទទួលអំណោយអនុស្សាវរីយ៍ ជាសម្ភារៈសិក្សា តំណាងឱ្យសិស្សានុសិស្សទាំងអស់ក្នុងសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន។

សកម្មភាពសិស្សថ្នាក់ទី៦ខរៀបចំធ្វើបទបង្ហាញ

នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីរៀនពីរបៀបបង្កើត និង Design ស្លាយ​  សិស្សថ្នាក់ទី ៦ខ ត្រូវបានណែនាំឱ្យធ្វើការងារជាក្រុមដើម្បីធ្វើបទបង្ហាញ ដោយជ្រើសរើសប្រធានបទ និង ព្រាងទុកនូវចំណុចដែលត្រូវសរសេរលើស្លាយ។ សិស្សទាំងអស់ត្រូវបានបែងចែកជា ១០ ក្រុម ដោយប្រើ Random Group Picker ដែលក្នុងមួយក្រុមមានសមាជិកចំនួន ៤ នាក់និង សមាជិកមានតួនាទីដូចជា ប្រធានក្រុម អ្នករៀបចំប្រធានបទ អ្នករៀបចំនិង Design ស្លាយ និង អ្នកសរសេរលើស្លាយ

បន្ទាប់ពីធ្វើការពិភាក្សា ក្រុមនីមួយៗបានកំណត់យកប្រធានបទដូចខាងក្រោម៖

1. ៨ វិធីដើម្បីធ្វើឱ្យមានសុខភាពល្អ
2. ការគោរពច្បាប់ចរាចរណ៍
3. ការការពារបរិស្ថាន
4. ការណែនាំអំពីសុជីវធម៌ក្នុងសង្គម
5. គុណតម្លៃនៃភាពស្មោះត្រង់
6. ការការពារព្រៃឈើ
7. អនាម័យ និង បរិស្ថានសាលារៀន
8. ផលប្រយោជន៍នៃព្រៃឈើ
9. ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន
10. ផលប្រយោជន៍នៃដើមត្នោត

វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកទុកជាមុន EWS

នៅថ្ងៃទី ៩-១០ ខែ​ ឧសភា ឆ្នាំ ២០២៣ អង្គការខេប បានរៀបចំនិងបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកទុកជាមុន (EWS) នៅការិយាល័យកណ្ដាល អង្គការខេប ខេត្តកំពង់ចាម និងចូលរួមដោយគ្រូបង្រៀន ICT និង គណៈគ្រប់គ្រងសាលាដែលស្ថិតក្នុងគម្រោង HCC និង EQUAL និងសាលាបឋមសិក្សាជំនាន់ថ្មីក្នុងខេត្តកំពង់ចាមចំនួន ៣ ទៀត ក្នុងគោលបំណងដើម្បីបង្ហាញពីរបៀបគ្រប់គ្រងទិន្ន័យគ្រូបង្រៀន និង សិស្ស និងតាមដានលទ្ធផលការសិក្សា អវត្តមាន និង ឥរិយាបថរបស់សិស្ស។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ អ្នកគ្រូ ប៊ុន លក្ខិណា និង អ្នកគ្រូ ឈីន បូណាវត្តី​ បានស្វែងយល់ពីរបៀបបញ្ចូលទិន្ន័យគ្រូបង្រៀន និង បញ្ជីឈ្មោះសិស្ស របៀបបញ្ចូលពិន្ទុ ការស្រង់វត្តមាន និង ការតាមដានឥរិយាបថរបស់សិស្សដើម្បីជួយកាត់បន្ថយការបោះបង់ការសិក្សារបស់ពួកគាត់។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល សាលាទាំងអស់ត្រូវបានអនុញ្ញាតឱ្យរៀបចំផែនការបន្ទាប់ដើម្បីប្រើប្រាស់កម្មវីធីប្រព័្ធរំឭកទុកជាមុន (EWS)នៅតាមសាលារៀងៗខ្លួន។ ដោយហេតុថាសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន កំពុងតែប្រើប្រាប់ប្រព័ន្ធគ្រប់គ្រងពិន្ទុសិស្សជាទម្រង់ Excel រួចមកហើយ ដូច្នេះសាលាក៏សម្រេចចិត្តថានឹងសាកល្បងប្រើប្រាប់ប្រព័ន្ធ EWS នៅឆ្នាំសិក្សាបន្ទាប់វិញ។