ការចែករំលែកពីការថែទាំសុខភាពរបស់សិស្សថ្នាក់ទី ៦ក

នៅថ្ងៃទី៧ ខែ​ សីហា ឆ្នាំ ២០២៣ កុមារី ៤ រូបបានរៀបចំធ្វើ Poster បង្ហាញពីរៀបនៃការថែទាំងសុខភាព បន្ទាប់ពីការគោរពទង់ជាតិ ដោយមូលហេតុថា សិស្សានុសិស្សភាគច្រើន បានសុំច្បាប់ឈឺជាញឹកញាប់ក្នុងក្នុងខែកក្កដា ក៏ដូចជាថ្មីៗនេះផងដែរ។ ការចែករំលែកនេះ បានផ្ដល់ចំណេះដឹងដល់សិស្សនុសិស្សដទៃទៀត ពីការញ៉ាំចំណីអាហារដើម្បីសុខភាព ការហាត់ប្រាណ ការផឹកទឹក ទឹកដោះគោ និងការចូលគេងពីព្រលប់ ។ល។

ការប្រជុំបូកសរុបលទ្ធផលឆមាសទី១

នៅថ្ងៃទី ៣-៤ ខែសីហា ឆ្នាំ ២០២៣ គណៈគ្រប់គ្រងសាលាបឋមសិក្សាអនុវត្តន៍ហ៊ុនសែន និង លោកគ្រូ អ្នកគ្រូទាំងអស់បានចូលរួមប្រជុំបូកសរុបលទ្ធផលឆមាសទី១។ នៅក្នុងថ្ងៃទី១ ការប្រជុំនេះផ្ដោតសំខាន់លើសកម្មភាពនិងលទ្ធផលដែលលោកគ្រូ អ្នកគ្រូបានធ្វើនិងទទួលបានក្នុងរយៈពេល ៧ ខែកន្លងមក។ ក្នុងការប្រជុំនេះផងដែរ លោកគ្រូ អ្នកគ្រូបានពិភាក្សានិងកំណត់ផែនការបន្ដ ដើម្បីជំរុញដល់ការសិក្សារបស់សិស្សប្រកបទៅដោយប្រសិទ្ធភាពនិងភាពសកម្មគ្រប់កម្រិតថ្នាក់។ នៅថ្ងៃចុងក្រោយ យើងក៏បានត្រួតពិនិត្យចំណុចវិនិច្ឆ័យសាលារៀនជំនាន់ថ្មីនៅឆ្នាំចាស់ឡើងវិញ ដើម្បីត្រៀមខ្លួនក្នុងការវាយតម្លៃក្នុងឆ្នាំសិក្សាថ្មីនេះ។

សកម្មភាពការងារក្រុមធ្វើបទបង្ហាញនិងស្រាវជ្រាវរបស់សិស្សក្លឹបប្រវត្តិ

សកម្មភាពការងារក្រុមរបស់សិស្សក្លឹបប្រវិត្តមានដូចជាការធ្វើបទបង្ហាញពីការសរសេរសៀវភៅក្លឹប និង ការស្រាវជ្រាវតាមក្រុម

សកម្មភាពបត់រូបរបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នា ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានចូលបណ្ណាល័យធ្វើការងារក្រុមដើម្បីបត់រូបសត្វចាប បេះដូង ខោអាវ ទូក ត្របកឈូក តាមក្រុមនីមួយៗ។

ការទទួលមេដាយនិងប័ណ្ណសរសើរក្នុងការប្រឡងគណិតវិទ្យា Caribou

នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៣ សិស្សាសិស្សចំនួន បី រូប ដឹកនាំដោយអ្នកគ្រូ សន សុម៉ាលី នាយិការង  អ្នកគ្រូ ខុន ធារី អ្នកគ្រូ ទន់ សុគន្ធា អ្នកគ្រូ ឈីន បូណាវត្តី និង អ្នកគ្រូ ហ៊ោ គឺមណៃ បានចូលរួមក្នុងពិធីប្រគល់មេដាយ និង ប័ណ្ណសរសើរក្នុងការប្រឡងគណិតវិទ្យានៅឯវិទ្យាស្ថានជាតិអប់រំ (NIE) និង។ ជាលទ្ធផលបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញជាច្រើនជុំ ចាប់ផ្ដើមពីខែតុលា ឆ្នាំ ២០២២ រហូតមកដល់ឆ្នាំ ២០២៣ សិស្សានុសិស្សដែលទទួលបានមេដាយមានដូចជា៖

  • កុមារា ងួន រតនៈគុណ ជាសិស្សថ្នាក់ទី ៣ក ទទួលបានមេដាយមាសចំនួន ១ គ្រឿង
  • កុមារី ឃាង កណ្ណិកា ជាសិស្សថ្នាក់ទី ៥ក ទទួលបានមេដាយប្រាក់ចំនួន ១ គ្រឿង
  • កុមារី ឃាង កញ្ញារ៉ា ជាសិស្សថ្នាក់ទី ៣ក ទទួលបានមេដាយសំរិទ្ធចំនួន ១​ គ្រឿង
  • កុមារី ហ៊ោ ស៊ីវម៉ីវ ដែលបច្ចុប្បន្នជាសិស្សថ្នាក់ទី ៧ ទទួលបានមេដាយសំរិទ្ធចំនួន ១ គ្រឿង

 

 

ការបណ្ដុះបណ្ដាលស្ដីពីរបៀបប្រើប្រាស់ប្រព័ន្ធរំឭកទុកជាមុន (EWS)

នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ បានចូលរួមការបណ្ដុះបណ្ដាលរបៀបប្រើប្រាស់ប្រព័ន្ធរំឭកទុកជាមុន (EWS) ដែលត្រូវបានបង្រៀនដោយអ្នកគ្រូ ឈីន បូណាវត្តី និង អ្នកគ្រូ ប៊ុន លក្ខិណា ដោយមានការសម្របសម្រួលដោយលោក ម៉ៃ សុឃា បុគ្គលិកផ្នែក ICT របស់អង្គការ KAPE។ ក្នុងការបណ្ដុះបណ្ដាលនេះផងដែរ លោកគ្រូ អ្នកគ្រូ បានស្វែងយល់ពីសារៈប្រយោជន៍របស់ EWS និង របៀបនៃការប្រើប្រាស់ប្រព័ន្ធនេះដែលមាន ដូចជា ការស្រង់វត្តមាន ការបញ្ចូលពិន្ទុ ការដាក់កាលវិភាគ និង ការកត់ត្រាឥរិយាបថរបស់សិស្ស។ បន្ទាប់ពីបណ្ដុះបណ្ដាលរួច លោកគ្រូ អ្នកគ្រូ បានជជែកគ្នាថា ប្រព័ន្ធរំឭកទុកជាមុននេះ ពិតជាជួយការងារគ្រប់គ្រងរបស់សាលា ដូចជាគ្រប់គ្រងគ្រូបង្រៀន និង សិស្សបានល្អ។

 

ការរៀនបត់រូបសេករបស់សិស្សថ្នាក់ទី ៣ខ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ខ បានរៀនពីរបៀបបត់រូបសេក ដោយការមើលវីដេអូតាម Youtube និង ការបង្រៀនបន្ថែមរបស់អ្នកគ្រូ ខុន ធារីក្នុងម៉ោងបំណិនជីវិតងាយៗ។ សិស្សានុសិស្សបានបត់និងក្រដាសពណ៌ដើម្បីធ្វើរូបសេកបានយ៉ាងស្រស់ស្អាត ប្រកបដោយភាពសប្បាយរីករាយ។

ការធ្វើទស្សនកិច្ចសិក្សាទៅកាន់សាលាចំនួន ៣ នៅប្រទេសថៃ

នៅថ្ងៃទី ២៥ ដល់ ៣០ ខែ មិថុនា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ ចំនួន ៣​ រូប ដូចជា អ្នកគ្រូ ម៉ន សុឃា អ្នកគ្រូ ប៊ុន លក្ខិណា លោកគ្រូ គង់ ណាវីន និង នាយិការង អ្នកគ្រូ សន សុម៉ាលី បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសាលាចំនួន ៣ ដែលមានដូចជា សាលាឡាំផ្លៃម៉ាត វិទ្យាល័យប៊ូលួងផីតថីយ៉ាខុម និង វិទ្យាល័យវិទ្យាសាស្រ្ដជូឡាផន នៅក្នុងខេត្តបុរីរាំ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកគ្រូ អ្នកគ្រូ បានសង្កេតមើលពីចំណុចល្អៗ របស់សាលារៀននីមួយៗ ហើយពួកគាត់ក៏ទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ដែលល្អៗ ជាច្រើន។ បន្ទាប់ពីការទស្សនកិច្ចរយៈពេល បី ថ្ងៃ លោកគ្រូ អ្នកគ្រូ បានចូលរួមប្រជុំឆ្លុះបញ្ចាំងពីអ្វីដែលសាលាអាចយកទៅអនុវត្តបានបន្ទាប់ពីត្រលប់មកវិញ។

ការគូររូបអំពីមូលហេតុដែលនាំឱ្យកុមារមានគ្រោះថ្នាក់នៅពេលជិះកង់

នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានរៀនពីមូលហេតុនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងពេលជិះកង់ និង ការការពារសុវត្ថិភាពរបស់ពួកគេពេលជិះកង់។ បន្ទាប់ពីរៀនរួច អ្នកគ្រូ ឈីន បូណាវត្ដី បានឱ្យសិស្សគូររូបភាពតំណាំងឱ្យមូលហេតុទាំងអស់នោះ ហើយធ្វើការបង្ហាញក្នុងថ្នាក់រៀន និង រៀបរាប់ពីរូបភាពរបស់ពួកគេ និង ប្រាប់ពីវិធីជិះកង់ឱ្យមានសុវត្ថិភាព។