ការចូលបណ្ណាល័យ ស្វែងរកពាក្យដែលមានសញ្ញា យុគលពិន្ទុ (:) របស់សិស្សថ្នាក់ទី ៤ក

នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានចូលបណ្ណាល័យ តាមកាលវិភាគសិក្សា ដើម្បីស្វែងរកពាក្យដែលមានសញ្ញា យុគលពិន្ទុ (:) ​ក្នុងសៀវភៅភាសាខ្មែរ និង វចនានុក្រម ផ្សេងៗ។ មុននឹងចាប់ផ្ដើមសកម្មភាពនេះ អ្នកគ្រូ ឈីន បូណាវត្តី បានណែនាំពីកិច្ចការដែលសិស្សត្រូវធ្វើ និង ដឹកនាំសិស្សចូលបណ្ណាល័យ។ ក្នុងសកម្មភាពនេះផងដែរ យើងសង្កេតឃើញថា សិស្សានុសិស្សបានសិក្សាពីពាក្យនិងចេះពីរបៀបស្វែងរកពាក្យដោយប្រើវចនានុក្រុមក្នុងបណ្ណាល័យ។

  

 

សកម្មភាពនេះបានជំរុញឱ្យសិស្សចេះស្វ័យសិក្សាដោយខ្លួនឯង បណ្ដុះស្មារតីនៃការស្រឡាញ់ការអាន និង បន្ដសិក្សាពេញមួយជីវិតរបស់ពួកគេនៅពេលដែលពួកគេក្លាយជាបុគ្គលដែលពេញលេញប្រកបដោយចំណេះដឹង និង ជំនាញក្នុងសង្គមរបស់យើង។

ការរាំចង្វាក់សារ៉ាវាន់របស់សិស្សថ្នាក់ទី ៥ក

នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ​ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក បានរៀនពីចង្វាក់សារ៉ាវាន់ ជាចង្វាក់ដែលមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរ ក្មេងចាស់ ប្រុស ស្រី ព្រោះវាមានភាពងាយស្រួល និង មានភាពរស់រវើក។ ចង្វាក់នេះធ្វើឱ្យភាពមានសប្បាយរីករាយ ហើយ តែងត្រូវបានគេយកមករាំលេងកម្សាន្ដក្នុងកម្មវិធីសប្បាយៗផ្សេង។ បន្ទាប់ពីរៀនពីដំណាក់កាលនៃការរាំចង្វាក់នេះហើយ អ្នកគ្រូ សេង សុផា បានបង្ហាញវីដេអូតាម Youtube ដើម្បីឱ្យសិស្សមួយក្រុមអនុវត្តជាក់ស្ដែង និង បង្ហាញសិស្សផ្សេងៗទៀតផងដែរ។

សិស្សានុសិស្សទាំងអស់ពិតជាមានភាពសប្បាយរីករាយក្នុងការរាំចង្វាក់សារ៉ាវាន់នេះ ហើយពួកគេក៏មានអារម្មណ៍ថា ការយល់ដឹងពីប្រពៃណីយរបស់ខ្លួនពិតជាសំខាន់ណាស់ដោយសារវាបានបង្ហាញពីអត្តសញ្ញាណជាតិរបស់ពួកគេ។ សាលានឹងបញ្ជ្រាបចំណេះដឹងទាក់ទងនឹង ប្រពៃណីយនិង សិល្បះក្នុងការបង្រៀននិងរៀន ដើម្បីឱ្យសិស្សមានភាពទន់ភ្លន់ និង មានភាពរីករាយក្នុងការសិក្សា។

ការគុណចំនួនមានលេខ ៣ ខ្ទង់ និង ២ ខ្ទង់

នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានធ្វើលំហាត់គណនាលេខ ប្រមាណវិធីគុណ លេខចំនួន ៣ ខ្ទង់ និង ២ ខ្ទង់ ដោយបានសរសេរលេខលើក្ដារឈ្នួន និង គណនាប្រមាណវិធីរៀងៗខ្លួន។ បន្ទាប់ពីគណនារួច សិស្សានុសិស្សទាំងអស់ត្រូវ លើកក្ដារឈ្នួនឡើងដើម្បីផ្ទៀងផ្ទាត់ ចម្លើយជាមួយ មិត្តរួមថ្នាក់ ហើយ អ្នកគ្រូ ឈីន បូណាវត្តី ក៏បានកែកំហុស សិស្សដែលបានធ្វើខុស ដោយបង្ហាញលើក្ដារខៀនរបស់គ្រូ។ ក្នុងសកម្មភាពនេះ សិស្សានុសិស្ស បានពង្រឹង ការគិតបានរហ័ស ដោយត្រូវចាំឱ្យស្ទាត់នូវមេគុណ ឱ្យបានច្បាស់ និង ត្រឹមត្រូវទើបគណនាបានចម្លើយដែលត្រឹមត្រូវ។

ការរៀនសូត្រពីការគណនាប្រមាណវិធីគុណ នឹងជួយឱ្យសិស្សមានភាពងាយស្រួលនិងរហ័ស ក្នុងគិតពីតម្លៃ និង រាប់ចំនួនដែលមានច្រើនឯកតា។ សាលារំពឹងថា សិស្សានុសិស្សនឹង មិនត្រឹមតែរៀនពីវិធីគណនា នៅសាលានោះទេ តែ ពួកយើងសង្ឃឹម សិស្សានុសិស្សទាំងអស់នឹងអាចទាញយកចំណេះដឹងនេះទៅអនុវត្តន៍ជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

សកម្មភាពក្រុម ក្នុងអំណានរឿង ស្មាន់ ទីទុយ និង អណ្ដើករបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានធ្វើការជាក្រុមដើម្បីស្រាជ្រាវ ពន្យល់ពាក្យ វេវចនសព្ទ និង សទិសសព្ទបន្ទាប់ពីសិក្សាពី អំណានរឿង ស្មាន់ ទីទុយ និង អណ្ដើក។ តាមរយៈការងារក្រុម សិស្សានុសិស្ស មិនត្រឹមតែបានសិក្សាស្រាវជ្រាវពីពាក្យនោះទេ ពួកគេក៏បានរៀនពីជំនាញទន់នោះគឺ ការសហការគ្នា និង ចេះអធ្យាស្រ័យនៅពេលមានគំនិតផ្សេងៗគ្នា ដើម្បីសម្រេចកិច្ចការដែលគ្រូបានដាក់ឱ្យ និង ធ្វើការបកស្រាយពីចម្លើយតាមក្រុមរៀងៗខ្លួន។

ការចេះសហការគ្នា គឺជាជំនាញមួយដែលសំខាន់ក្នុងចំណោមជំនាញសម្រាប់សតវត្សទី២១ 4C’s (Collaboration, Creativity, Critical Thinking, Communication)។ សាលាមានឆន្ទះនឹងបណ្ដុះបណ្ដាលជំនាញទាំងអស់នោះ ដើម្បីអភិវឌ្ឍន៍ក្មេងជំនាន់ក្រោយ ឱ្យក្លាយជាធនធានដ៏មានសក្ដានុពល និង ប្រកបដោយសីលធម៌ដែលជាប្រយោជន៍ដល់ប្រទេសជាតិរបស់យើងទាំងអស់គ្នា។

ការពិសោធន៍ដីដែលមានជាតិទឹករបស់សិស្សថ្នាក់ទី៥

នៅថ្ងៃទី ៥​ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង ៥ខ បានធ្វើការពិសោធន៍វិទ្យាសាស្រ្ត ដើម្បីធ្វើការបញ្ជាក់ពីសម្មតិកម្ម ដែលថាដីមានជាតិទឹក។ នៅក្នុងសកម្មភាពពិសោធន៍នេះផងដែរ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស មានឧបករណ៍ពិសោធន៍ ដូចជា​ ខ្អម ចង្ក្រានហ្គាស ផ្ទាំងកញ្ចក់ និង​ ដី។ ជាដំបូងសិស្សានុសិស្សបាន ជីកដីពីកន្លែងដែលស្ងួត ហើយ ពួកគេបានយកដីនោះទៅដាក់ក្នុងខ្អម។ បន្ទាប់មក ពួកគេបានយកខ្អមនោះដាក់លើចង្រ្កានហ្គាស ហើយយកកញ្ចក់បិទជិត។ នៅពេលពួកគេរង់ចាំ ២ ទៅ ៥ នាទី ពួកគេបានសង្កេតឃើញថា នៅខាងក្រោមកញ្ចក់ចាប់ផ្ដើមមានចំហាយទឹក។

 

ជាលទ្ធផលនៃការពិសោធន៍នេះ សិស្សានុសិស្សថ្នាក់ទី៥ ទាំងពីរថ្នាក់ បានសន្និដ្ឋានថា ចំហាយទឹកនោះចេញមកពីដីដែលពួកគេបានដាក់ចូលទៅក្នុងខ្អម ហេតុនេះហើយដីពិតជាមានជាតិទឹកដូចអ្វីដែលពួកគេបានសិក្សាមែន។

សកម្មភាពសិស្សថ្នាក់ទី៦ខរៀបចំធ្វើបទបង្ហាញ

នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីរៀនពីរបៀបបង្កើត និង Design ស្លាយ​  សិស្សថ្នាក់ទី ៦ខ ត្រូវបានណែនាំឱ្យធ្វើការងារជាក្រុមដើម្បីធ្វើបទបង្ហាញ ដោយជ្រើសរើសប្រធានបទ និង ព្រាងទុកនូវចំណុចដែលត្រូវសរសេរលើស្លាយ។ សិស្សទាំងអស់ត្រូវបានបែងចែកជា ១០ ក្រុម ដោយប្រើ Random Group Picker ដែលក្នុងមួយក្រុមមានសមាជិកចំនួន ៤ នាក់និង សមាជិកមានតួនាទីដូចជា ប្រធានក្រុម អ្នករៀបចំប្រធានបទ អ្នករៀបចំនិង Design ស្លាយ និង អ្នកសរសេរលើស្លាយ

បន្ទាប់ពីពិភាក្សាក្រុមក្រុមនីមួយៗបានកំណត់យកប្រធានបទដូចខាងក្រោម៖

1. ៨ វិធីដើម្បីធ្វើឱ្យមានសុខភាពល្អ
2. ការគោរពច្បាប់ចរាចរណ៍
3. ការការពារបរិស្ថាន
4. ការណែនាំអំពីសុជីវធម៌ក្នុងសង្គម
5. គុណតម្លៃនៃភាពស្មោះត្រង់
6. ការការពារព្រៃឈើ
7. អនាម័យ និង បរិស្ថានសាលារៀន
8. ផលប្រយោជន៍នៃព្រៃឈើ
9. ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន
10. ផលប្រយោជន៍នៃដើមត្នោត