ការប្រជុំប្រចាំខែសីហា

នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣ គណៈនាយក និង លោកគ្រូ អ្នកគ្រូ បានចូលរួមប្រជុំប្រចាំខែសីហា ដែលមានរបៀបវារៈដូចខាងក្រោម៖

  1. ការងារបរិស្ថានក្នុងនិងក្រៅសាលារៀន
  2. និយ័តភាពការងារ
  3. ការរៀន និង បង្រៀន IBL
  4. ការងារកម្រង
  5. ការងារគម្រោងតាមថ្នាក់សម្រាប់ការតាំងពិព័រណ៍
  6.  Parent’s Day Show
  7. ការបំពេញចំណុចដែលនៅសេសសល់
  8. ការចុះវាយតម្លៃទទួលស្គាល់គុណភាពអប់រំ
  9. បញ្ហាផ្សេងៗ

ការធ្វើលំហាត់ជាបុគ្គលលលើក្ដារឈ្នួន

នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី៤ក បានអនុវត្តធ្វើលំហាត់ភាគរយជាបុគ្គលលើក្ដារឈ្នួនដើម្បីហ្វឹកហាត់មេរៀនដែលបានរៀនរួច។ សិស្សានុសិស្សបានធ្វើលំហាត់ជាច្រើន ហើយអ្នកគ្រូក៏បានកែកំហុស និង ពង្រឹងចំណេះដឹងរបស់សិស្សបន្ថែមទៀតដោយពន្យល់ និង ណែនាំពីរបៀបការគណនាចម្លើយឱ្យបានត្រឹមត្រូវ។

 

ការពិភាក្សាក្រុមបន្ទាប់ពីរៀនមេរៀន ចំនួនទសភាគ ភាគរយ

ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានសិក្សាពីចំនួនទសភាគ ភាគរយ។ បន្ទាប់ពីចប់មេរៀនពួកគេបានធ្វើសកម្មភាពក្រុម ដោយប្រើក្រដាសរយ និង គណនាលេខជាក្រុម។ តាមរយៈសកម្មភាពនេះ សិស្សានុសិស្សបានរៀនពីការសហការគ្នា និង ចរចារគ្នាដើម្បីទទួលបានចម្លើយមួយដែលត្រឹមត្រូវ។​

សកម្មភាពតាំងពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យព្រែកលាប

នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សចំនួនបីនាក់ មកពីថ្នាក់ទី ៤ខ ៥ខ និង ៦ក ដែលដឹកនាំដោយលោកនាយក បេង ហេង និង លោកគ្រូបន្ទុកថ្នាក់ បានចូលរួមបង្ហាញស្នាដៃសិស្សទាក់ទងនឹងការពិសោធន៍ធុងចម្រោះទឹក ការតសៀគ្វីជាសេរី និង បង្គុំ កន្សែងបង់ក និង រូបគំនូរដើមឈើ។ សាលាពិតជាមានភាពសប្បាយរីករាយ និង ត្រេកអរ ក្នុងការតាំងបង្ហាញអ្វីដែលសិស្ស និង គ្រូបានខិតខំធ្វើក្នុងឆ្នាំសិក្សានេះផងដែរ។ យើងក៏កត់សម្គាល់ឃើញថា សិស្សមានមោទកភាពចំពោះស្នាដៃរបស់ពួកគេ ដោយមានសិស្សានុសិស្សនៅវិទ្យាល័យព្រែកលាប មានការចាប់អារម្មណ៍ និង សាកសួរពីរបៀបនៃការធ្វើគម្រោងស្នាដៃនីមួយផងដែរ។

ការពិសោធន៍មេរៀនវិទ្យាសាស្ដ្រចម្រោះទឹករបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ​២០២៣ សិស្សានុសិស្សថ្នាក់ទី៤ក បានរៀនពីការចម្រោះទឹក និង បានធ្វើការពិសោធន៍ជាក់ស្ដែងដោយប្រើដបទឹក សំឡី ក្រួស ខ្សាច់ និង

ទឹក ។ ក្នុងសកម្មភាពនេះផងដែរ សិស្សានុសិស្សពិតជាមានភាពសប្បាយរីករាយ និង បានយល់ដឹងពីរបៀបនៃការចម្រោះទឹកកង្វក់ឱ្យទៅជាទឹកថ្លា។

កន្សែងបង់កចម្រុះពណ៌​ របស់សិស្សថ្នាក់ទី ៥ក

បន្ទាប់ពីទទួលការណែនាំ និង បង្ហាត់បង្រៀនពីអ្នកគ្រូ បន្ទុកថ្នាក់ សិស្សានុសិស្សថ្នាក់ទី ៥ក បានខិតខំចាក់កន្សែងបង់ក​ គ្រប់ពណ៌ និង ត្រៀមទុកសម្រាប់ដាក់តាំងស្នាដៃបង្ហាញក្នុងថ្ងៃជំនួបអាណាព្យាបាលសិស្ស Parent Day Show ក្នុងពេលខាងមុខនេះ។ តាមរយៈសកម្មភាពនេះផងដែរ ក៏ត្រូវបានលើកទឹកចិត្តបន្ថែមទៀតពីអាណាព្យាបាលសិស្ស ដោយសារពួកគេបានផ្អាកការប្រើប្រាស់ទូរស័ព្ទបានច្រើនក្នុងពេលទំនេរនៅផ្ទះ។

បំណិនជីវិតដាំត្រកួននិងឆៃថាវរបស់សិស្សថ្នាក់ទី ៥ក

សកម្មភាពដាំដំណាំត្រកួននិងឆៃថាវរបស់សិស្សថ្នាក់ទី ៥ក នៅសួនបំណិនជីវិត ដោយការលើកដីដាំ និង ដាក់គ្រាប់ពូជដាំបន្លែ។

ការធ្វើដបច្រោះទឹករបស់សិស្សថ្នាក់ទី ៤ខ

នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ​២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ខ បានរៀនពីរបៀបធ្វើដបច្រោះទឹក ដោយប្រើសម្ភារៈដែលមានដូចជា សំឡី ខ្សាច់ ធ្យូង ក្រួស និង ទឹក និង ដបទឹក។