ការរៀនពីរបៀបកាត់មកុដក្នុងម៉ោងបំណិនជីវិត របស់សិស្សថ្នាក់ទី ៣ខ

នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ​ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ខ បានរៀនពីរបៀបធ្វើមកុដ ក្នុងម៉ោងបំណិនជីវិត។ មុនដំបូង អ្នកគ្រូ ខុន ធារីបានបង្ហាញពីរបៀបកាត់មកុដដោយបញ្ចាំងវីដេអូតាម Youtube បន្ទាប់មក អ្នកគ្រូ ក៏បានបង្ហាញពីរបៀបធ្វើជាក់ស្ដែងម្ដងទៀតដោយពន្យល់បន្ថែម និង ប្រាប់ពីចំណុចដែលសិស្សពិបាកក្នុងការធ្វើ។ ដើម្បីធ្វើការកាត់មកុដនេះបានផងដែរ សិស្សានុសិស្ស មានសម្ភារៈដូចជា ក្រដាសពណ៌ចម្រុះ កន្រ្ដៃ ខ្មៅដៃ ដែកឈានគូសរង្វង់។ សិស្សានុសិស្សត្រូវកំណត់ពីទំហំរបស់មកុដរបស់ពួកគេ ដោយគូសរង្វង់ និង កាត់ក្រដាសពណ៌ទៅតាមទំហំនោះ។ បន្ទាប់មកសិស្សានុសិស្សអាចច្នៃ ទម្រង់មកុដតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ក្នុងសកម្មភាពនេះ សិស្សានុសិស្សត្រូវគូសរង្វង់ដោយប្រើដែកឈាន និង កំណត់ផ្ចិតរង្វង់ឱ្យបានត្រឹមត្រូវតាមអ្វីដែលខ្លួនចង់បាន។ បំណិនងាយៗបែបនេះ ហាក់ដូចជាសាមញ្ញាតែជាក់ស្ដែង ដើម្បីបានមកុដមួយដែលមានទំហំល្អ និង ស្អាត សិស្សានុសិស្សត្រូវកាត់ដោយផ្ចិតផ្ចង់ យកចិត្តទុកដាក់ និង កែច្នៃរបស់ដែលមានស្រាប់។

 

សកម្មភាពគូររូបបង្ហាញពីអាជីពក្នុងក្តីស្រមៃ របស់សិស្សថ្នាក់ទី ២ខ

នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ២ខ បានគូររូបបង្ហាញពីអាជីពក្នុងក្ដីស្រមៃរបស់ពួកគេ ក្នុងម៉ោងបំណិនជីវិត។ មុននឹងចាប់ផ្ដើមគូរគំនូរ អ្នកគ្រូ ម៉ង ចាន់ស៊ាងម៉ី បានបំផុសគំនិតសិស្សដោយសួរសំណួរថា អាជីពអ្វីដែលស្ថិតក្នុងក្ដីស្រមៃរបស់សិស្សានុសិស្សម្នាក់ៗ ។​ ការងារដែលពួកគេ ចង់ធ្វើពេលធំឡើង មានដូចជា គ្រូពេទ្យ គ្រូបង្រៀន  ឱសថការី  អ្នកបើកកប៉ាល់ អ្នកបើកយន្ដហោះ ។ល។ បន្ទាប់ពីការកំណត់នេះរួចហើយ សិស្សានុសិស្ស ត្រូវបានផ្ដល់ឱ្យនូវ ក្រដាសម្នាក់មួយសន្លឹក និង ខ្មៅដៃពណ៌ដើម្បីគូរ និង ផាត់រូបរបស់ពួកគេ។ សិស្សនីមួយៗ គូររូបតំណាង ការងារក្នុងក្ដីស្រមៃ ដូចជា រូបមន្ទីរពេទ្យ   សៀវភៅ  កប៉ាល់ ។ល។ 



ការកំណត់អាជីពក្នុងក្ដីស្រមៃនឹងជួយឱ្យសិស្សានុសិស្សមានឆន្ទៈ និង គោលដៅច្បាស់លាស់ក្នុងការសិក្សារបស់ពួកគេ។ តាមរយៈសកម្មភាពក្នុងម៉ោងបំណិនជីវិតមួយនេះ សិស្សានុសិស្សមិនត្រឹមតែមានឱកាសដើម្បីស្វែងយល់ពីអ្វីដែលពួកគេស្រឡាញ់នោះទេ តែពួកគេក៏អាចចេះមានគំនិតច្នៃប្រឌិតក្នុងការគូររូបតំណាងអាជីពការងារផងដែរ។

ការចូលបណ្ណាល័យ ស្វែងរកពាក្យដែលមានសញ្ញា យុគលពិន្ទុ (:) របស់សិស្សថ្នាក់ទី ៤ក

នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានចូលបណ្ណាល័យ តាមកាលវិភាគសិក្សា ដើម្បីស្វែងរកពាក្យដែលមានសញ្ញា យុគលពិន្ទុ (:) ​ក្នុងសៀវភៅភាសាខ្មែរ និង វចនានុក្រម ផ្សេងៗ។ មុននឹងចាប់ផ្ដើមសកម្មភាពនេះ អ្នកគ្រូ ឈីន បូណាវត្តី បានណែនាំពីកិច្ចការដែលសិស្សត្រូវធ្វើ និង ដឹកនាំសិស្សចូលបណ្ណាល័យ។ ក្នុងសកម្មភាពនេះផងដែរ យើងសង្កេតឃើញថា សិស្សានុសិស្សបានសិក្សាពីពាក្យនិងចេះពីរបៀបស្វែងរកពាក្យដោយប្រើវចនានុក្រុមក្នុងបណ្ណាល័យ។

  

 

សកម្មភាពនេះបានជំរុញឱ្យសិស្សចេះស្វ័យសិក្សាដោយខ្លួនឯង បណ្ដុះស្មារតីនៃការស្រឡាញ់ការអាន និង បន្ដសិក្សាពេញមួយជីវិតរបស់ពួកគេនៅពេលដែលពួកគេក្លាយជាបុគ្គលដែលពេញលេញប្រកបដោយចំណេះដឹង និង ជំនាញក្នុងសង្គមរបស់យើង។

ការរាំចង្វាក់សារ៉ាវាន់របស់សិស្សថ្នាក់ទី ៥ក

នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ​ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក បានរៀនពីចង្វាក់សារ៉ាវាន់ ជាចង្វាក់ដែលមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរ ក្មេងចាស់ ប្រុស ស្រី ព្រោះវាមានភាពងាយស្រួល និង មានភាពរស់រវើក។ ចង្វាក់នេះធ្វើឱ្យភាពមានសប្បាយរីករាយ ហើយ តែងត្រូវបានគេយកមករាំលេងកម្សាន្ដក្នុងកម្មវិធីសប្បាយៗផ្សេង។ បន្ទាប់ពីរៀនពីដំណាក់កាលនៃការរាំចង្វាក់នេះហើយ អ្នកគ្រូ សេង សុផា បានបង្ហាញវីដេអូតាម Youtube ដើម្បីឱ្យសិស្សមួយក្រុមអនុវត្តជាក់ស្ដែង និង បង្ហាញសិស្សផ្សេងៗទៀតផងដែរ។

សិស្សានុសិស្សទាំងអស់ពិតជាមានភាពសប្បាយរីករាយក្នុងការរាំចង្វាក់សារ៉ាវាន់នេះ ហើយពួកគេក៏មានអារម្មណ៍ថា ការយល់ដឹងពីប្រពៃណីយរបស់ខ្លួនពិតជាសំខាន់ណាស់ដោយសារវាបានបង្ហាញពីអត្តសញ្ញាណជាតិរបស់ពួកគេ។ សាលានឹងបញ្ជ្រាបចំណេះដឹងទាក់ទងនឹង ប្រពៃណីយនិង សិល្បះក្នុងការបង្រៀននិងរៀន ដើម្បីឱ្យសិស្សមានភាពទន់ភ្លន់ និង មានភាពរីករាយក្នុងការសិក្សា។

ការគុណចំនួនមានលេខ ៣ ខ្ទង់ និង ២ ខ្ទង់

នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានធ្វើលំហាត់គណនាលេខ ប្រមាណវិធីគុណ លេខចំនួន ៣ ខ្ទង់ និង ២ ខ្ទង់ ដោយបានសរសេរលេខលើក្ដារឈ្នួន និង គណនាប្រមាណវិធីរៀងៗខ្លួន។ បន្ទាប់ពីគណនារួច សិស្សានុសិស្សទាំងអស់ត្រូវ លើកក្ដារឈ្នួនឡើងដើម្បីផ្ទៀងផ្ទាត់ ចម្លើយជាមួយ មិត្តរួមថ្នាក់ ហើយ អ្នកគ្រូ ឈីន បូណាវត្តី ក៏បានកែកំហុស សិស្សដែលបានធ្វើខុស ដោយបង្ហាញលើក្ដារខៀនរបស់គ្រូ។ ក្នុងសកម្មភាពនេះ សិស្សានុសិស្ស បានពង្រឹង ការគិតបានរហ័ស ដោយត្រូវចាំឱ្យស្ទាត់នូវមេគុណ ឱ្យបានច្បាស់ និង ត្រឹមត្រូវទើបគណនាបានចម្លើយដែលត្រឹមត្រូវ។

ការរៀនសូត្រពីការគណនាប្រមាណវិធីគុណ នឹងជួយឱ្យសិស្សមានភាពងាយស្រួលនិងរហ័ស ក្នុងគិតពីតម្លៃ និង រាប់ចំនួនដែលមានច្រើនឯកតា។ សាលារំពឹងថា សិស្សានុសិស្សនឹង មិនត្រឹមតែរៀនពីវិធីគណនា នៅសាលានោះទេ តែ ពួកយើងសង្ឃឹម សិស្សានុសិស្សទាំងអស់នឹងអាចទាញយកចំណេះដឹងនេះទៅអនុវត្តន៍ជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

សកម្មភាពក្រុម ក្នុងអំណានរឿង ស្មាន់ ទីទុយ និង អណ្ដើករបស់សិស្សថ្នាក់ទី ៤ក

នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានធ្វើការជាក្រុមដើម្បីស្រាជ្រាវ ពន្យល់ពាក្យ វេវចនសព្ទ និង សទិសសព្ទបន្ទាប់ពីសិក្សាពី អំណានរឿង ស្មាន់ ទីទុយ និង អណ្ដើក។ តាមរយៈការងារក្រុម សិស្សានុសិស្ស មិនត្រឹមតែបានសិក្សាស្រាវជ្រាវពីពាក្យនោះទេ ពួកគេក៏បានរៀនពីជំនាញទន់នោះគឺ ការសហការគ្នា និង ចេះអធ្យាស្រ័យនៅពេលមានគំនិតផ្សេងៗគ្នា ដើម្បីសម្រេចកិច្ចការដែលគ្រូបានដាក់ឱ្យ និង ធ្វើការបកស្រាយពីចម្លើយតាមក្រុមរៀងៗខ្លួន។

ការចេះសហការគ្នា គឺជាជំនាញមួយដែលសំខាន់ក្នុងចំណោមជំនាញសម្រាប់សតវត្សទី២១ 4C’s (Collaboration, Creativity, Critical Thinking, Communication)។ សាលាមានឆន្ទះនឹងបណ្ដុះបណ្ដាលជំនាញទាំងអស់នោះ ដើម្បីអភិវឌ្ឍន៍ក្មេងជំនាន់ក្រោយ ឱ្យក្លាយជាធនធានដ៏មានសក្ដានុពល និង ប្រកបដោយសីលធម៌ដែលជាប្រយោជន៍ដល់ប្រទេសជាតិរបស់យើងទាំងអស់គ្នា។

សកម្មភាពសម្អាត និង លើកថ្នាលដាំបន្លែ ក្នុងសួនបំណិនជីវិតរបស់សិស្សថ្នាក់ទី៥ក

នៅព្រឹក ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង អ្នកគ្រូ​ សេង សុផា បានរៀបចំលើកថ្នាល និង សម្អាត សួនបំណិនជីវិត ដើម្បីដាំបន្លែ បន្ទាប់ពីការដាំត្រកួន ត្រឡាច សណ្តែកគួរ និង ស្លឹកគូឆាយ ទទួលបានផលល្អ។ សិស្សានុសិស្ស មានគ្នាបោចស្មៅ សម្អាត ថ្នាលបន្លែ និង ស្រោចទឹកលើដំណាំដែលបានដាំកាលពីសប្ដាហ៍មុនៗ។ សកម្មភាពនេះបាន បង្ហាញសិស្សពីរបៀបនៃការរៀបថ្នាលដាំដំណាំ និង ថែទាំដំណាំក្នុងសាលារៀន។

សាលាសង្ឃឹមថា សិស្សានុសិស្សទាំងអស់គ្នានឹងចេះពីរបៀបនៃការដាំដុះដំណាំបន្ទាប់បន្សំ ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួន និង យល់ដឹងអត្ថប្រយោជន៍នៃការដាំបន្លែដោយខ្លួនឯង គ្មានជាតិគីមី និង ល្អសម្រាប់សុខភាពរបស់ពួកគេ។

ការពិសោធន៍ដីដែលមានជាតិទឹករបស់សិស្សថ្នាក់ទី៥

នៅថ្ងៃទី ៥​ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង ៥ខ បានធ្វើការពិសោធន៍វិទ្យាសាស្រ្ត ដើម្បីធ្វើការបញ្ជាក់ពីសម្មតិកម្ម ដែលថាដីមានជាតិទឹក។ នៅក្នុងសកម្មភាពពិសោធន៍នេះផងដែរ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស មានឧបករណ៍ពិសោធន៍ ដូចជា​ ខ្អម ចង្ក្រានហ្គាស ផ្ទាំងកញ្ចក់ និង​ ដី។ ជាដំបូងសិស្សានុសិស្សបាន ជីកដីពីកន្លែងដែលស្ងួត ហើយ ពួកគេបានយកដីនោះទៅដាក់ក្នុងខ្អម។ បន្ទាប់មក ពួកគេបានយកខ្អមនោះដាក់លើចង្រ្កានហ្គាស ហើយយកកញ្ចក់បិទជិត។ នៅពេលពួកគេរង់ចាំ ២ ទៅ ៥ នាទី ពួកគេបានសង្កេតឃើញថា នៅខាងក្រោមកញ្ចក់ចាប់ផ្ដើមមានចំហាយទឹក។

 

ជាលទ្ធផលនៃការពិសោធន៍នេះ សិស្សានុសិស្សថ្នាក់ទី៥ ទាំងពីរថ្នាក់ បានសន្និដ្ឋានថា ចំហាយទឹកនោះចេញមកពីដីដែលពួកគេបានដាក់ចូលទៅក្នុងខ្អម ហេតុនេះហើយដីពិតជាមានជាតិទឹកដូចអ្វីដែលពួកគេបានសិក្សាមែន។

កម្មវិធីប្រកួតអំណានល្បី ជម្រុះជុំទី ១

នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ ដល់ទី​ ៦  បានចូលរួមធ្វើបទបង្ហាញពីរឿងដែលបានអានហើយពួកគេត្រូវបានជម្រុះដោយ អ្នកគ្រូ ម៉ៅ ស្រីណេត ដែលជាគ្រូដឹកនាំកម្មវិធីមួយនេះ។ បន្ទាប់ពីការធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ និង ប្រកបទៅដោយខ្លឹមសារ ជាលទ្ធផលនៃការជម្រុះជុំទី១នេះ សិស្សានុសិស្សចំនួន ១៧ នាក់ត្រូវបានជ្រើសរើស។

 

កម្មវិធីអំណានល្បីនេះបង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖

1. ជម្រុញការអាន និងបង្កើនទម្លាប់នៃការសិក្សាស្រាវជ្រាវរបស់កុមារនៅក្នុងសាលារៀនយើង
2. បណ្ដុះស្មារតីចូលរួមរបស់គ្រូបង្រៀន ក្នុងការជម្រុញនិងលើកកម្ពស់ការអានរបស់សិស្ស
3. បណ្ដុះភាពក្លាហាន ភាពអំណត់ និងការចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក
4. បណ្ដុះបំណិននៃការគិតកម្រិតខ្ពស់ (ការគិតបែបត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហា)
5. បង្ហាញពីភាពម្ចាស់ការ និងសក្ដានុពលរបស់សិស្ស ព្រមទាំងកិត្យានុភាពរបស់សាលារៀន ។

ដំណើរការកម្មវិធី
ការជ្រើសរើសសិស្សចូលរួម

សិស្សទាំងអស់ចាប់ពីថ្នាក់ទី៤ដល់ទី៦អាចចូលរួមការប្រកួតនេះដោយស្មគ្រចិត្ត ដោយពួកគេគ្រាន់តែបំពេញទៅតាមលក្ខណមួយចំនួនដែលកម្មវិធីបានកំណត់ ដូចជាការចុះឈ្មោះចូលរួម ស្រឡាញ់ចូលចិត្តការអាន និងការសិក្សាស្រាវជ្រាវ មានសមត្ថភាពអានស្ទាត់ និងមានការឯកភាពពីគ្រូបន្ទុកថ្នាក់ និងអាណាព្យាបាលរបស់ពួកគេ ។

ការជម្រុះជុំទី ១

សិស្សចូលរួមទាំងអស់ត្រូវបានបែងចែកជាបីក្រុមទៅតាមកម្រិតថ្នាក់របស់ពួកគេ គឺក្រុមថ្នាក់ទី៤ ក្រុមថ្នាក់ទី៥ និងក្រុមថ្នាក់ទី៦ ហើយពួកគេក៏ត្រូវបានកំណត់លក្ខណនៃការប្រកួតផ្សេងៗគ្នាទៅតាមកម្រិតថ្នាក់។

• ថ្នាក់ទី៤ត្រូវអានសៀវភៅយ៉ាងតិច៤ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ
• ថ្នាក់ទី៥ត្រូវអានសៀវភៅយ៉ាងតិច៥ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ
• ថ្នាក់ទី៦ត្រូវអានសៀវភៅយ៉ាងតិច៦ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ

រាល់កំណត់ត្រាអំណានត្រូវសសេរទៅតាមលក្ខណដែលកម្មវិធីបានកំណត់ មានរបៀប ស្អាត គ្រប់ចំនួន ហើយត្រូវមានការចូលរួមគាំទ្រ និងសម្របសម្រួលពីគ្រូបន្ទុកថ្នាក់របស់ពួកគេផ្ទាល់។ បេក្ខជនដែលបានបំពេញគ្រប់លក្ខណហើយបញ្ជូនកិច្ចការមកគណៈកម្មការទាន់ពេលវេលាអាចជាប់នៅក្នុងការជម្រុះជុំទី១។

 

 

ការកែលម្អសួនមុខថ្នាក់រៀនរបស់សិស្សថ្នាក់ទី៥ក

នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្ស ថ្នាក់ទី ៥ក ដែលដឹកនាំដោយ អ្នកគ្រូ សេង សុផា បានរៀបចំកែលម្អ និង សម្អាត ទីធ្លាខាងមុខថ្នាក់រៀន ដោយចូលរួមសហការគ្នា ដាំដើមផ្កាតូចធំ និង រុក្ខជាតិលម្អតូចៗ ដ៏ស្រស់បំព្រងដែលធ្វើឱ្យបរិស្ថានមានភាពស្រស់ស្អាត និង គួរឱ្យចង់សិក្សារៀនសូត្រ។ សិស្សទាំងអស់មានភាពសប្បាយរីករាយ ក្នុងការចូលរួមចំណែក ក្នុងសកម្មភាពមួយនេះ និង ដោយមានការតាំងចិត្ត ថាសាលារៀនគឺជាផ្ទះទីពីររបស់ពួកគេ និង គួរតែជាទីកន្លែងមួយដែលពោរពេញទៅដោយធម្មជាតិដែលនាំមកនូវផាសុកភាព អារម្មណ៍ល្អៗ ដល់សិស្សានុសិស្ស និង គ្រូបង្រៀនគ្រប់រូប។

ក្នុងសកម្មភាពនេះផងដែរ សិស្សានុសិស្សទាំងអស់បានរៀនរបៀបនៃពីការសហការគ្នា និង ដឹងពីរបៀបដាំផ្កា និង រុក្ខជាតិលម្អបរិស្ថានសាលារៀន។ សាលាក៏សង្ឃឹមផងដែរ ថាសិស្សានុសិស្សទាំងអស់គ្នានឹងរៀនសូត្រពីការរស់នៅប្រកបទៅដោយសាមគ្គីភាព និង  បន្ដថែទាំបរិស្ថានជុំវិញខ្លួនរបស់ពួកគេ។