




ថ្ងៃចន្ទ ៩រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ សកម្មភាពបង្រៀនថ្នាក់ទី ១ក មុខវិជ្ជាគណិតវិទ្យា មេរៀនទី៩ ធរណីមាត្រ ( ធ្វើចំណែកថ្នាក់រូបធរណីមាត្របរិមាត្របី) បង្រៀនដោយអ្នកគ្រូ សន សុខឡៃ

ថ្ងៃ ចន្ទ ៩ រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ សកម្មភាពបង្រៀនថ្នាក់ទី ២ខ មុខវិជ្ជាគណិតវិទ្យា មេរៀនទី ៥ វីធីគុណ ( លក្ខណៈត្រឡប់នៃវិធីគុណ) បង្រៀនដោយអ្នកគ្រូ ម៉ង ចាន់ស៊ាងមុី


នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក បានហាត់ប្រាណក្នុងម៉ោងកីឡារយៈពេល ១ ម៉ោង នៅទីលានគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។ ពួកគេបានហាត់ប្រាណតាមក្បួនដែលបានបោះពុម្ពផ្សាយដោយក្រសួងអប់រំ យុវជន និង កីឡា ដោយឈរជាប្រាំជួរ ហើយ អ្នកគ្រូ សេង សុផា បានឱ្យសិស្សដែលជាប្រធាន និង អនុប្រធានថ្នាក់ធ្វើជាគំរូ។ សាលាតែងតែតម្រូវឱ្យសិស្សហាត់ប្រាណ ជារៀងរាល់ព្រឹកថ្ងៃសុក្រ ហើយពួកគេត្រូវតែមានសម្លៀកបំពាក់ហាត់កីឡាគ្រប់ៗគ្នា ដើម្បីងាយស្រួលហាត់ប្រាណ។

ការហាត់ប្រាណមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះសិស្សានុសិស្សគួរតែដឹងពីក្បួននៃការហាត់ប្រាណមួយចំនួន ដើម្បីពួកអាចធ្វើការហាត់ប្រាណដោយខ្លួនឯងនៅផ្ទះជារៀងរាល់ថ្ងៃបន្ថែមទៀត។ ការដែលមានសុខភាពល្អនឹងជួយជំរុញការសិក្សារបស់សិស្ស និង នាំមកនូវលទ្ធផលល្អផងដែរ ដូច្នេះសិស្សានុសិស្សគួរតែធ្វើការហាត់ប្រាណជាប្រចាំ។
នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានរៀនពីរបៀបគុណចំនួនដែលមានលេខសូន្យនៅខាងចុង។ បន្ទាប់ពីរៀនប្រមាណវិធីគុណនេះហើយ អ្នកគ្រូ ឈីន បូណាវត្តី បានដាក់លំហាត់ឱ្យសិស្សធ្វើ។ ពេលដែលពួកគេគណនារួច ពួកគេត្រូវលើកក្ដារឈ្នួនឡើងដើម្បីផ្ទៀងផ្ទាត់ ចម្លើយជាមួយ មិត្តរួមថ្នាក់ នឹងត្រូវបានត្រួតពិនិត្យ ដោយអ្នកគ្រូបន្ទុកថ្នាក់ និងសម្រាប់សិស្សដែលធ្វើខុស ត្រូវធ្វើកំណែឡើងវិញ។ ក្នុងសកម្មភាពនេះ សិស្សានុសិស្ស បានពង្រឹង ការគិតបានរហ័ស ដោយត្រូវចាំស្ទាត់នូវមេគុណ ឱ្យបានច្បាស់ និង ត្រឹមត្រូវទើបគណនាបានចម្លើយដែលត្រឹមត្រូវ។

ការរៀនសូត្រពីការគណនាប្រមាណវិធីគុណ នឹងជួយឱ្យសិស្សមានភាពងាយស្រួលនិងរហ័ស ក្នុងគិតពីតម្លៃ និង រាប់ចំនួនដែលមានច្រើនឯកតា។ សាលារំពឹងថា សិស្សានុសិស្សនឹង មិនត្រឹមតែរៀនពីវិធីគណនា នៅសាលានោះទេ តែ ពួកយើងសង្ឃឹម សិស្សានុសិស្សទាំងអស់នឹងអាចទាញយកចំណេះដឹងនេះទៅអនុវត្តន៍ជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។
នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ក បានរៀនពីរបៀបសូនរូបពីឥដ្ឋ ក្នុងម៉ោងបំណិនជីវិត។ រូបដែលពួកគេបានសូន មានដូចជា រូបផ្លែឈើ រូបសត្វ និង រូបផ្សេងៗទៀត។ សិស្សានុសិស្សគ្រប់គ្នាមានភាពសប្បាយរីករាយ និង ចេះសូនដីឥដ្ឋចេញជារូបរាងអ្វីមួយដែលពួកគេចង់បាន។ ក្នុងសកម្មភាពនេះផងដែរ សិស្សានុសិស្ស មិនត្រឹមតែបានសម្រាកខួរក្បាលពីការសិក្សានោះទេ ពួកគេក៏មានឱកាសពង្រីកការគិតស្រមើលស្រមៃ និង ភាពច្នៃប្រឌិតរបស់ពួកគេផងដែរ។


ជាការពិតណាស់ គំនិតច្នៃប្រឌិតរបស់មនុស្យយើងម្នាក់ៗ ក៏ដូចជាសិស្សនុសិស្សផងដែរ អាចលេចឡើងនៅពេលដែលពួកគេបានរៀនពីអ្វីដែលពួកគេចូលចិត្ត និង ចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត Creativity ឬ ភាពច្នៃប្រឌិតក្នុងសតវត្សទី២១ នេះ ក៏ជាជំនាញមួយដ៏សំខាន់ដើម្បីអភិវឌ្ឍធនធានមនុស្សផងដែរ។
នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ក បានចូលអានសៀវភៅ និង ស្រាវជ្រាវពាក្យក្នុងបណ្ណាល័យ នៃសាលាបឋមសិក្សាអនុវត្តន៍ហ៊ុនសែន។ សិស្សានុសិស្សភាគច្រើនតែងតែចូលអាន សៀវភៅរឿងនិទានខ្លីៗ ដែលបង្កប់ទៅដោយអត្ថន័យអប់រំ។ បន្ថែមពីនោះទៅទៀត សិស្សានុសិស្សក៏បានរៀនពាក្យថ្មីៗ ដែលអាចពង្រឹងការសរសេរពាក្យរបស់ពួកគេផងដែរ។ ជាធម្មតា ពួកគេតែងតែមានសៀវភៅ ប៊ិច ឬ ខ្មៅដៃ ដើម្បីកត់ត្រា រាល់ម៉ោងបណ្ណាល័យ។ គួរឱ្យកត់សម្គាល់ផងដែរថា សិស្សានុសិស្សគ្រប់កម្រិត តែងតែតំរង់ជួរមុនចូលបណ្ណាល័យ ដោយទឹកមុខរីករាយ ព្រោះពួកគេសប្បាយចិត្តនឹងរៀន និង អានពីអ្វីដែលថ្មី និង គួរឱ្យចាប់អារម្មណ៍។

ការចូលអាននៅក្នុងបណ្ណាល័យ នឹងបណ្ដុះទឹកចិត្តស្រឡាញ់ការអានរបស់កុមារដើម្បីពង្រឹងក្នុងការសិក្សារបស់ពួកគាត់ និង បន្ដចូលរួមចំណែកបង្កើតទម្លាប់នៃការអានរបស់ពួកគេពេញមួយជីវិត។ ការអាននឹងបង្ហាញឱ្យក្មេងៗ ដឹងថាពិភពលោកមួយនេះពោរពេញទៅចំណេះដឹង និងជំនាញថ្មីៗ ជាពីសេសទៅទៀតពួកគេនឹងទទួលបានគំនិតល្អៗ ដែលនឹងអប់រំឱ្យពួកគេក្លាយជាមនុស្សល្អ និង ថ្លៃថ្លូរដល់សង្គម។
នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានលេងល្បែងសិក្សា Running Dictionary ជាមួយអ្នកគ្រូភាសាអង់គ្លេស Dorothy Stone តាមកាលវិភាគសិក្សារយៈពេល ១ ម៉ោង ក្នុង ១ សប្ដាហ៍។ មុននឹងចាប់ផ្ដើមលេង អ្នកគ្រូបានបែងចែកសិស្សជាដៃគូ ដោយប្រើដងឈើតូចៗ ដែលមានទម្រង់ Shapes ផ្លែឈើ និង លេខ។ បន្ទាប់ពីបានដងឈើម្នាក់មួយហើយ សិស្សានុសិស្សទាំងអស់ត្រូវស្វែងរកដៃគូដោយផ្គុំឈើនោះ ឱ្យចេញជារូបរាងផ្លែឈើ។ ដូចឈ្មោះរបស់ល្បែងមួយនេះ ដៃគូនីមួយៗត្រូវឱ្យម្នាក់ ឡើងទៅអានល្បះចំនួន ៤ នៅលើក្ដារម្ដងមួយៗ ហើយត្រូវមកប្រាប់ដៃគូរបស់ពួកគេនូវល្បះទាំងអស់នោះតាមអ្វីដែលពួកគេបានឃើញនិងបានអាន។ ជាលទ្ធផល អ្នកគ្រូបានយកដៃគូដែលឈ្នះចំនួន ៣ គូ ហើយពួកគេទទួលបាន Stickers ម្នាក់មួយ ជារង្វាន់សម្រាប់ការខំប្រឹងនិង ការឈ្នះរបស់ពួកគេ។



ក្នុងសកម្មភាពនេះ សិស្សានុសិស្សរៀនសហការគ្នាជាដៃគូ ហើយពួកគេក៏បានពង្រឹងជំនាញនៃការអាននិងសរសេរល្បះជាភាសាអង់គ្លេសផងដែរ។ ពួកយើងមានការតាំងចិត្តថា សិស្សានុសិស្សគួរតែមានឱកាសរៀនភាសាអង់គ្លេសប្រកបដោយភាពសប្បាយរីករាយក្នុងសកម្មភាពរៀនតាមរយៈការលេង។