ការចុះណែនាំនិងផ្សព្វផ្សាយអំពីនំចំណីដែលហាមឃាត់ដោយក្រសួង

នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាកុមារ ដែលដឹកនាំដោយលោកគ្រូ អ្នកគ្រូ បានចុះផ្សព្វផ្សាយពីនំចំណីដែលហាមឃាត់ដោយក្រសួងដល់សិស្សានុសិស្សដោយការបិតផ្សាយរូបភាពនំចំណីដែលប៉ះពាល់សុខភាពរបស់ពួកគេ។ ហើយពួកគេក៏បានណែនាំដល់អ្នកលក់ដូរនៅក្នុងសាលាឱ្យបានស្វែងយល់ពីចំណុចទាំងអស់នោះដើម្បីជៀសវៀង ការលក់ចំណីណាដែលធ្វើឱ្យខូចសុខភាពដល់ក្មេងៗ។  សាលានឹងខិតខំជួយណែនាំដល់សិស្សនុសិស្សបន្ថែមទៀត ដើម្បីកុំឱ្យពួកគេញ៉ាំអាហារដែលផ្ដល់ការប៉ះពាល់ដល់សុខភាព។

ការសិក្សាអំពីសុខភាពអនាម័យកុមារីពេលពេញវ័យ

នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ អ្នកគ្រូពេទ្យប្រចាំសាលា​ អ្នកគ្រូ ហ៊ុល ស្រីរ័ត្ន បានបង្រៀនពីការថែទាំសុខភាពនិងអនាម័យសម្រាប់កុមារីពេលពេញវ័យ ដល់សិស្សស្រីដែលរៀនថ្នាក់ទី ៤ ដល់ទី៦។ អ្នកគ្រូបានបង្រៀនពីការប្រែប្រួលរបស់ក្មេងស្រី និង ផ្ដល់ដំបូន្មានល្អដល់ការថែទាំសុខភាពរបស់ពួកគេពេលពេញវ័យ។ សិស្សស្រីទាំង ៣ កម្រិតថ្នាក់បានយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់អ្នកគ្រូពេទ្យ និង សួរសំណួរជាច្រើនបន្ទាប់ពីការបង្រៀនរបស់អ្នកគ្រូ។ ជាចុងបញ្ចប់ អ្នកគ្រូក៏បានណែនាំឱ្យពួកគេ រក្សាអនាម័យជាប្រចាំ និង មិនត្រូវមានភាពខ្មាសអៀនទេ នៅពេលដែលពួកគេមានបញ្ហាសុខភាពពេលពេញវ័យ។

 

 

 

 

 

ការពិសោធន៍អំពី ការផលិតអាហាររបស់រុក្ខជាតិ (ការធ្វើរស្មីសំយោគ)

នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានរៀនពីការពិសោធន៍អំពី ការផលិតអាហាររបស់រុក្ខជាតិ (ការធ្វើរស្មីសំយោគ) ដោយប្រើសម្ភារៈពិសោធន៍ និងមីក្រូទស្សន៍។ ក្នុងសកម្មភាពនោះផងដែរ សិស្សានុសិស្សបានរៀនពីនិយមន័យ ការធ្វើរស្មីសំយោគ (Photosynthesis) និង ការប្រើប្រាស់សម្ភារៈពិសោធន៍ ផ្សេងៗ ដែលពួកគេមិនធ្លាប់បានឃើញនិងប្រើប្រាស់ពីមុនមក។ សិស្សានុសិស្សពិតជាសប្បាយរីករាយ និង ចាប់អារម្មណ៍ក្នុងការសិក្សា តាមរយៈការពិសោធន៍និងអនុវត្តជាក់ស្ដែងបែបនេះ ដោយសារពួកគេបានស្វែងយល់ពីអ្វីដែលមាននៅជុំវិញខ្លួនពួកគេ។

សកម្មភាពសិស្សធំជួយសិស្សតូចក្នុងម៉ោងកុំព្យូទ័រ

នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក បានចូលរៀនក្នុងបន្ទប់កុំព្យូទ័រតាមម៉ោងសិក្សាដែលបានកំណត់។ សិស្សានុសិស្សបានរៀនអំពីរបៀបដាក់តារាង និង បញ្ចូលទិន្ន័យក្នុងកម្មវិធី Word។ បន្ទាប់ពីសិក្សាមេរៀនរួចរាល់ សិស្សានុសិស្សទាំងអស់ត្រូវធ្វើការអនុវត្តដោយខ្លួនឯង ដោយមានការជួយពីគ្រូបង្រៀនកុំព្យូទ័រនិងមិត្តរួមថ្នាក់របស់ពួកគេ។ ដើម្បីឱ្យការរៀននិងបង្រៀនមានភាពងាយស្រួល និង ទទួលបានលទ្ធផលល្អ នៅពេលដែលសិស្សដែលមានសមត្ថភាពធ្វើកិច្ចការបានល្អនិងធ្វើរួចមុនគេ អ្នកគ្រូក៏បានណែនាំឱ្យពួកគេជួយពន្យល់និងប្រាប់ពីចំណុចដែលត្រូវកែក្នុងឯកសារ។

 

ការពិភាក្សាក្រុមជ្រើសរើសប្រធានបទស្រាវជ្រាវរបស់សមាជិកក្លឹបប្រវត្តិ

នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣ សមាជិកក្លឹបបានធ្វើការពិភាក្សាក្រុមដើម្បីជ្រើសរើសប្រធានបទអំពីទីកន្លែងប្រវត្តិសាស្រ្តដែលពួកគេចង់ស្រាវជ្រាវ និង ចងក្រងជាស្នាដៃ បន្ទាប់ពីទទួលបានការណែនាំពីលោកគ្រូដឹកនាំក្លឹប មាស រ៉ាដូ ហើយ ។ លោកគ្រូក៏បានបង្ហាញពីរបៀបនៃការស្វែងរក និង ការកត់ត្រាព័ត៌មាន ដោយបង្ហាញពីគំរូស្នាដៃរបស់សមាជិកក្លឹបកាលពីឆ្នាំសិក្សាមុន ដើម្បីធ្វើជាសៀវភៅស្នាដៃក្លឹប។ យើងសង្កេតឃើញថា សិស្សានុសិស្សតាមក្រុមដែលបានបែងចែក ពីសប្ដាហ៍មុនបានចូលរួមពិភាក្សា​ និង​ ប្រើប្រាស់កុំព្យូទ័រតាមក្រុមរៀងៗខ្លួន។

 

សិស្សានុសិស្សទាំងអស់បានសហការគ្នាធ្វើសកម្មភាពនេះ ហើយវាក៏អាចជាការសិក្សាបែបគម្រោងផងដែរដែលធ្វើឱ្យពួកគេមានការគិតបែបសកម្មនិងស៊ីជម្រៅក្នុងការជ្រើសរើសព័ត៌មានដែលពួកគេបានស្វែងរក។​

ការរៀនពី Habits & Hobbies របស់សមាជិកក្លឹបអង់គ្លេស

នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ សមាជិកក្លឹបអង់គ្លេស បានប្រជុំនៅក្នុងបណ្ណាល័យ ដើម្បីសិក្សាពីការនិយាយពីទម្លាប់និង សកម្មភាពដែលពួកគេចូលចិត្តធ្វើជាភាសាអង់គ្លេស។ ដំបូង អ្នកគ្រូដឹកនាំបានសួរតិចតួចអំពីពួកគេ ដោយសារសប្ដាហ៍មុន ក្លឹបរបស់យើងបានសម្រាក បន្ទាប់មកគាត់ក៏បានឱ្យអនុប្រធានក្លឹបធ្វើការចាត់ចែងការចុះវត្តមានរបស់សមាជិកក្លឹប។ ដោយសារការប្រជុំមុន យើងបានរៀនពីប្រធានបទមិត្តភក្ដិជាភាសាអង់ អ្នកគ្រូក៏បានដាក់កិច្ចការផ្ទះឱ្យសមាជិកមើលវីដេអូរឿងនិទាន The Lion and the Mouse។ ដូច្នេះមុននឹងរៀនពីប្រធានបទថ្មី អ្នកគ្រូបានឱ្យសិស្សម្នាក់ ចែករំលែកពីអ្វីដែលបានយល់ក្នុងរឿងនោះ។ នៅពេលនោះមានប្អូនប្រុសម្នាក់ បាននិយាយរៀបរាប់បានយ៉ាងក្បោះក្បាយពីសាច់រឿង។ ហើយអ្នកគ្រូក៏បានសួរពីតម្លៃអប់រំរបស់រឿង ថាតើពួកគេធ្វើយ៉ាងណាទើបក្លាយជាមិត្តល្អ។ សមាជិកក្លឹបបានប្រាប់ថា មិត្តភក្ដិត្រូវចេះ ជួយគ្នា គោរពគ្នា និង ជឿទុកចិត្តគ្នាទៅវិញទៅមក។

 

សម្រាប់សប្ដាហ៍នេះសមាជិកក្លឹបបានរៀនពីឃ្លា និង ពាក្យដែលអាចប្រើប្រាស់បានដើម្បីនិយាយអំពីទម្លាប់ និង សកម្មភាពពេលទំនេរជាភាសាអង់គ្លេស។ បន្ទាប់ពីប្រជុំចប់សមាជិកទាំងអស់បានណែនាំឱ្យធ្វើកិច្ចការផ្ទះ ដែលជាការគូសលើក្រដាសបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ហើយត្រូវថតវីដេអូនិយាយពីទម្លាប់ទាំងអស់នោះផ្ញើចូលគ្រុបតេលេក្រាមក្លឹប។

សកម្មភាពធ្វើពលកម្មសម្អាតបរិស្ថានសាលារៀន

នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សទាំងអស់បានចូលរួមធ្វើពលកម្ម ដើម្បីសម្អាតបរិស្ថានជុំវិញសាលារៀន និង ថ្នាក់រៀនរបស់ពួកគេ។​ មុននឹងចាប់ផ្ដើមសកម្មភាព ប្លង់សម្អាតត្រូវបានបែងចែកតាមថ្នាក់ ហើយសិស្សានុសិស្សបានធ្វើការសម្អាតដោយ ដកស្មៅ និង កាប់ព្រៃដែលជម្រកមូស។ យើងសង្កេតឃើញថា សិស្សានុសិស្សបានសហការគ្នាជួយសម្អាតបានល្អ ធ្វើឱ្យបរិស្ថានរបស់យើងស្អាត និង មានផាសុកភាព។

 

តាមរយៈសកម្មភាពនេះ សិស្សានុសិស្សរៀនសម្អាត និង កែលម្អបរិស្ថានដែលនៅជុំវិញពួកគេ មិនថានៅសាលា ឬ នៅផ្ទះ។ ការរស់នៅប្រកបដោយអនាម័យនឹង ធ្វើឱ្យពួកគេក្លាយជាក្មេងដែលមានសុខភាព និង ទម្លាប់ល្អ។

ការបង្រៀនគណិតវិទ្យាថ្នាក់ទី ១ របស់អ្នកគ្រូ លី វណ្ណនីដា

នៅថ្ងៃទី ១៤ ខែ​ មិថុនា ឆ្នាំ ២០២៣ នាយកសាលា លោកគ្រូ បេង ហេង បានធ្វើការសង្កេត និង ផ្ដល់ការណែនាំពីការបង្រៀនគណិតវិទ្យាដល់ អ្នកគ្រូ លី វណ្ណនីដា។

ការធ្វើបទបង្ហាញរបស់សិស្សថ្នាក់ទី ៦ក

នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៦ក បានធ្វើបទបង្ហាញពីប្រធានបទផ្សេងៗ ដែលមានខ្លឹមសារល្អ និង ការរៀបចំស្លាយដោយយកចិត្តទុកដាក់។ ក្នុងការធ្វើបទបង្ហាញនេះ សិស្សានុសិស្សបានត្រៀមខ្លួន និង បកស្រាយចំណុចដែលពួកគេធ្វើបទបង្ហាញជាក្រុម។ គួរឱ្យកត់សម្គាល់ សិស្សមួយចំនួនតូចនៅមានភាពភ័យខ្លាច និង មិនទាន់ត្រៀមខ្លួនបានល្អនៅពេលធ្វើបទបង្ហាញ។ ទោះបីជាយ៉ាងក៏ដោយ អ្នកគ្រូបង្រៀនកុំព្យូទ័រ មានចិត្តរីករាយ ដែលបានឃើញពីការខិតខំបៀបចំស្លាយនិង ការធ្វើបទបង្ហាញរបស់ពួកគេ។ តាមរយៈការធ្វើការងារក្រុមនេះ សិស្សានុសិស្សបានរៀនពីរបៀបសហការគ្នា និង យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

បន្ទាប់ពីការធ្វើបទបង្ហាញនេះ ក្រុមនីមួយៗ ក៏ទទួលបានការណែនាំពីចំណុចដែលត្រូវកែលម្អនៅលើស្លាយ និង ការធ្វើបទបង្ហាញ។ ជាចុងក្រោយ តាមរយៈការស្នើរសុំរបស់អ្នកគ្រូកុំព្យូទ័រ សាលានឹងពិភាក្សាថានឹងអនុញ្ញាតឱ្យក្រុមដែលធ្វើការបកស្រាយប្រធានបានល្អនិងអាចចែករំលែកជាមួយសិស្សានុសិស្សក្នុងសាលាផ្សេងៗទៀតក្នុងពេលគោរពទង់ជាតិ។​