បំណិនជីវិត៖ របៀបដេរប៉ាក់ ថ្នេរដានសាក របស់សិស្សកម្រិតថ្នាក់ទី៣ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានរៀនអំពីរបៀបដេរប៉ាក់។

សកម្មភាពមុនពេលដេរប៉ាក់

អ្នកគ្រូបានណែនាំសិស្សានុសិស្សអំពីសារៈសំខាន់នៃការចេះដេរប៉ាក់។ អ្នកគ្រូបានបង្ហាញពីរបៀបដោតម្ជុល គួចចុងអំបោះ និងរបៀបដេរថ្នេរដានសាក។ ក្រោយមកអ្នកគ្រូបានចែកម្ជុល អំបោះ និងក្រណាត់ដល់សិស្សានុសិស្សម្នាក់មួយឈុត។

សកម្មភាពអំឡុងពេលដេរថ្នេរដានសាក

សកម្មភាពក្រោយពេលធ្វើ

សិស្សានុសិស្សដេរថ្នេរដានសាកបានយ៉ាងស្រស់ស្អាត ហើយពួកគេថែមទាំងបានលើកបង្ហាញដល់មិត្តរួមថ្នាក់ដោយក្ដីរីករាយ។

បំណិនផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលរៀនមេរៀននេះចប់សិស្សនឹងយកបំណិននេះទៅអនុវត្តន៍ដេរនៅផ្ទះឱ្យត្រង់ជួរ ដើម្បីងាយស្រួលក្នុងការដេរថ្នេរផ្សេងៗទៀត។

 

 

បំណិន ៖ របៀបកាត់ក្រចករបស់សិស្សកម្រិតថ្នាក់ទី២ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤  សិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន កម្រិតថ្នាក់ទី២ បានរៀនពីរបៀបកាត់ក្រចក។

សកម្មភាពមុនពេលកាត់

អ្នកគ្រូបានបង្ហាញពីរោគសញ្ញាផ្សេងៗដែលយើងមិនគួរទុកក្រចកឱ្យវែងៗ

១- ក្រចកបង្កឲ្យងាយឆ្លងមេរោគ និង​បាក់តេរី

នៅពេលប្អុនទុកក្រចកវែងៗ អាចនាំឲ្យបាក់តេរីងាយឆ្លងចូលក្នុងរាងកាយ ព្រោះថាភាពកខ្វក់អាចលាក់ខ្លួនក្នុងក្រចករបស់ប្អូន។

២- ឆ្លងមេរោគផ្សិត

មេរោគផ្សិតសម្បូរនៅកន្លែងមានភាពកខ្វក់ ហើយភាពកខ្វក់មានក្នុងក្រចករបស់ប្អូន។

៣- បង្កឲ្យពុលអាហារ

នៅពេលប្អូនទុកក្រចកដៃវែងៗ មានន័យថាប្អុនបានផ្ទុកមេរោគ បាក់តេរីជាច្រើនប្រភេទនៅក្នុងនោះ ហើយពេលប្អូនប្រើដៃញ៉ាំអាហារទាំងមិនបានកាត់ក្រចកឲ្យស្អាត ដូចកំពុងចម្លងបាក់តេរីទាំងនោះចូលក្នុងប្រព័ន្ធរាងកាយរបស់ប្អូនអញ្ចឹង ដែលជាលទ្ធផលនាំឲ្យងាយពុលអាហារ។

៤- ងាយបង្កឲ្យរបួសខ្លួនឯង

ទុកក្រចកដៃ ក្រចកជើងវែងៗ ងាយបង្កឲ្យមានរបួសលើខ្លួនឯងផ្ទាល់ ក៏ដូចជាអ្នកដទៃ។

៥- នាំឲ្យកប់ក្រចកចូលក្នុងសាច់

នៅពេលដែលកូនទុកអត់កាត់ក្រចករយៈពេលយូរ ពេលនោះក្រចកចូលក្នុងសាច់ (កប់ត្រចៀកក្រាញ់)។

បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីរបៀបកាន់កន្ត្រៃ និងរបៀបកាត់ដល់សិស្សានុសិស្ស និងចែកកន្ត្រៃដល់សិស្សម្នាក់មួយ។

សកម្មភាពអំឡុងពេលកាត់

សកម្មភាពក្រោយពេលកាត់

បន្ទាប់ពីសិស្សានុសិស្សបានកាត់ក្រចករួច សិស្សមានអារម្មណ៍សប្បាយរីករាយ ថែមទាំងបានលើកដីបង្ហាញទៅកាន់មិត្តរួមថ្នាក់ទៀតផង។

បំណិនផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សនឹងមានបំណិនក្នុងការកាត់ក្រចក ហើយសិស្សនឹងយកទៅអនុវត្តន៍កាត់ក្រចករបស់ខ្លួននៅផ្ទះ នឹងអាចជួយកាត់ជូនម៉ាក់ ប៉ា បង ប្អូន បាន។

បំណិនជីវិត ស្ដីអំពីការធ្វើប្រអប់ដាក់ប៊ិករបស់សិស្សថ្នាក់ទី៥ខ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើប្រអប់ដាក់ប៊ិក ក្រោមការដឹកនាំរបស់លោកគ្រូ យ៉េន បញ្ញា ជាគ្រូទទួលបន្ទុកថ្នាក់ទី៥ខ។

សកម្មភាពមុនពេលធ្វើ

លោកគ្រូបានត្រៀមសម្ភារៈសម្រាប់ផលិតប្រអប់ដាក់ប៊ិកមានដូចជា ក្រដាសរ៉ាមពណ៌ កន្ត្រៃ បន្ទាត់ ខ្មៅដៃ និងកាវជាដើម។ លោកគ្រូបានណែនាំឱ្យប្រើប្រាស់សម្ភារៈទាំងអស់នេះដោយប្រុងប្រយ័ត្ន ព្រោះវាអាចបង្ករគ្រោះថ្នាក់បាន។

សកម្មភាពអំឡុងពេលធ្វើ

លោកគ្រូបានចាក់ជាវីដេរអូពីយូធូបដោយបានបញ្ចាំងទៅលើស្លាយឱ្យសិស្សរៀនធ្វើតាម ដែលមានតាំងពីរបៀបវាស់វែង  របៀបកាត់ក្រដាស របៀបបត់ និងច្នៃពណ៌ដែលយើងចូលចិត្តជាដើម។

សកម្មភាពក្រោយពេលធ្វើ

សិស្សានុសិស្សធ្វើប្រអប់ដាក់ប៊ិកបានម្នាក់មួយសម្រាប់ដាក់សម្ភារៈសិក្សាមួយចំនួនដូចជាប៊ិក ខ្មៅដៃ ជ័រលុប ទឹកលុប បន្ទាត់ ដែកឈាន ហ្វឺតជាដើម។ សូមបញ្ជាក់ថាសិស្សមួយតុអង្គុយពីរនាក់ តែពួកគេដាក់ប្រអប់ប៊ិកតែមួយ ទុកដាក់សម្ភារៈសិក្សារួមគ្នា​ នៅពេលប្រអប់ប៊ិកមួយនេះខូចគេយកមួយទៀតមកប្រើម្ដង។ បន្ទាប់ពីពួកគេផលិតស្នាដៃរបស់ពួកគេបានសម្រេច ទឹកមុខរបស់ពួកគេពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ ដោយក្ដីរំភើបចំពោះស្នាដៃរបស់ពួកគេ។ សកម្មភាពរៀនបែបនេះធ្វើឱ្យសិស្សកាត់បន្ថយភាពស្ត្រេសនឹងមេរៀនណាដែលពួកគេគិតថាស្មុគស្មាញ ពិបាកយល់។

បំណិនផ្សារភ្ជាប់ទៅនឹងជីវិភាពរស់នៅប្រចាំថ្ងៃ

ការរៀនបែបនេះយើងមើលទៅងាយៗ តែសិស្សដែលពុំដែលបានធ្វើពួកគេគិតថាវាអស្ចារ្យខ្លាំងណាស់សម្រាប់ពួកគេ ដែលអាចផលិតមួយបានយកមកប្រើប្រាស់រាល់ថ្ងៃ ពេលខ្លះពួកគេមិនសូវសប្បាយចិត្តនឹងរឿងអ្វីមួយ ពួកគេចាប់អារម្មណ៍លើប្រអប់ប៊ិកមួយនេះក៏ពួកគេនឹងឃើញពេលពួកគេធ្វើក៏អាចថាបាន។ នៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានធ្វើដាក់លើតុរៀនរបស់ពួកគេសម្រាប់ទុកសម្ភារៈសិក្សាមួយចំនួន ម៉ាក់ប៉ារបស់ពួកគេក៏សប្បាយចិត្តផងដែរ ដែលកូនចេះច្នៃបង្កើតបានដោយខ្លួនឯង។

ការរៀនធ្វើរូបសត្វងាយៗ ក្នុងម៉ោងបំណិនជីវិតថ្នាក់ទី ២គ

នៅក្នុងម៉ោងបំណិនជីវិត សិស្សានុសិស្សថ្នាក់ទី ២គ បានរៀនពីរបៀបធ្វើរូបសត្វងាយៗ ដោយប្រើក្រដាសពណ៌ និង ឡាំង ដែលស្អាតៗ​ និង ពណ៌ចម្រុះ។

កន្សែងបង់កចម្រុះពណ៌​ របស់សិស្សថ្នាក់ទី ៥ក

បន្ទាប់ពីទទួលការណែនាំ និង បង្ហាត់បង្រៀនពីអ្នកគ្រូ បន្ទុកថ្នាក់ សិស្សានុសិស្សថ្នាក់ទី ៥ក បានខិតខំចាក់កន្សែងបង់ក​ គ្រប់ពណ៌ និង ត្រៀមទុកសម្រាប់ដាក់តាំងស្នាដៃបង្ហាញក្នុងថ្ងៃជំនួបអាណាព្យាបាលសិស្ស Parent Day Show ក្នុងពេលខាងមុខនេះ។ តាមរយៈសកម្មភាពនេះផងដែរ ក៏ត្រូវបានលើកទឹកចិត្តបន្ថែមទៀតពីអាណាព្យាបាលសិស្ស ដោយសារពួកគេបានផ្អាកការប្រើប្រាស់ទូរស័ព្ទបានច្រើនក្នុងពេលទំនេរនៅផ្ទះ។

ការរៀនបត់រូបសេករបស់សិស្សថ្នាក់ទី ៣ខ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ខ បានរៀនពីរបៀបបត់រូបសេក ដោយការមើលវីដេអូតាម Youtube និង ការបង្រៀនបន្ថែមរបស់អ្នកគ្រូ ខុន ធារីក្នុងម៉ោងបំណិនជីវិតងាយៗ។ សិស្សានុសិស្សបានបត់និងក្រដាសពណ៌ដើម្បីធ្វើរូបសេកបានយ៉ាងស្រស់ស្អាត ប្រកបដោយភាពសប្បាយរីករាយ។

ការរៀនសូនរូបពីដីឥដ្ឋក្នុងម៉ោងបំណិនជីវិត របស់សិស្សថ្នាក់ទី ៣ក

នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្ស​ថ្នាក់ទី ៣ក  បានរៀនពីរបៀបសូនរូបពីឥដ្ឋ ក្នុងម៉ោងបំណិនជីវិត។ រូបដែលពួកគេបានសូន មានដូចជា រូបផ្លែឈើ រូបសត្វ និង រូបផ្សេងៗទៀត។ សិស្សានុសិស្សគ្រប់គ្នាមានភាពសប្បាយរីករាយ និង ចេះសូនដីឥដ្ឋចេញជារូបរាងអ្វីមួយដែលពួកគេចង់បាន។ ក្នុងសកម្មភាពនេះផងដែរ សិស្សានុសិស្ស មិនត្រឹមតែបានសម្រាកខួរក្បាលពីការសិក្សានោះទេ ពួកគេក៏មានឱកាសពង្រីកការគិតស្រមើលស្រមៃ និង ភាពច្នៃប្រឌិតរបស់ពួកគេផងដែរ។

ជាការពិតណាស់ គំនិតច្នៃប្រឌិតរបស់មនុស្យយើងម្នាក់ៗ ក៏ដូចជាសិស្សនុសិស្សផងដែរ អាចលេចឡើងនៅពេលដែលពួកគេបានរៀនពីអ្វីដែលពួកគេចូលចិត្ត និង ចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត Creativity ឬ ភាពច្នៃប្រឌិតក្នុងសតវត្សទី២១ នេះ ក៏ជាជំនាញមួយដ៏សំខាន់ដើម្បីអភិវឌ្ឍធនធានមនុស្សផងដែរ។

ការរៀនពីរបៀបកាត់មកុដក្នុងម៉ោងបំណិនជីវិត របស់សិស្សថ្នាក់ទី ៣ខ

នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ​ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ខ បានរៀនពីរបៀបធ្វើមកុដ ក្នុងម៉ោងបំណិនជីវិត។ មុនដំបូង អ្នកគ្រូ ខុន ធារីបានបង្ហាញពីរបៀបកាត់មកុដដោយបញ្ចាំងវីដេអូតាម Youtube បន្ទាប់មក អ្នកគ្រូ ក៏បានបង្ហាញពីរបៀបធ្វើជាក់ស្ដែងម្ដងទៀតដោយពន្យល់បន្ថែម និង ប្រាប់ពីចំណុចដែលសិស្សពិបាកក្នុងការធ្វើ។ ដើម្បីធ្វើការកាត់មកុដនេះបានផងដែរ សិស្សានុសិស្ស មានសម្ភារៈដូចជា ក្រដាសពណ៌ចម្រុះ កន្រ្ដៃ ខ្មៅដៃ ដែកឈានគូសរង្វង់។ សិស្សានុសិស្សត្រូវកំណត់ពីទំហំរបស់មកុដរបស់ពួកគេ ដោយគូសរង្វង់ និង កាត់ក្រដាសពណ៌ទៅតាមទំហំនោះ។ បន្ទាប់មកសិស្សានុសិស្សអាចច្នៃ ទម្រង់មកុដតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ក្នុងសកម្មភាពនេះ សិស្សានុសិស្សត្រូវគូសរង្វង់ដោយប្រើដែកឈាន និង កំណត់ផ្ចិតរង្វង់ឱ្យបានត្រឹមត្រូវតាមអ្វីដែលខ្លួនចង់បាន។ បំណិនងាយៗបែបនេះ ហាក់ដូចជាសាមញ្ញាតែជាក់ស្ដែង ដើម្បីបានមកុដមួយដែលមានទំហំល្អ និង ស្អាត សិស្សានុសិស្សត្រូវកាត់ដោយផ្ចិតផ្ចង់ យកចិត្តទុកដាក់ និង កែច្នៃរបស់ដែលមានស្រាប់។

 

សកម្មភាពគូររូបបង្ហាញពីអាជីពក្នុងក្តីស្រមៃ របស់សិស្សថ្នាក់ទី ២ខ

នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ២ខ បានគូររូបបង្ហាញពីអាជីពក្នុងក្ដីស្រមៃរបស់ពួកគេ ក្នុងម៉ោងបំណិនជីវិត។ មុននឹងចាប់ផ្ដើមគូរគំនូរ អ្នកគ្រូ ម៉ង ចាន់ស៊ាងម៉ី បានបំផុសគំនិតសិស្សដោយសួរសំណួរថា អាជីពអ្វីដែលស្ថិតក្នុងក្ដីស្រមៃរបស់សិស្សានុសិស្សម្នាក់ៗ ។​ ការងារដែលពួកគេ ចង់ធ្វើពេលធំឡើង មានដូចជា គ្រូពេទ្យ គ្រូបង្រៀន  ឱសថការី  អ្នកបើកកប៉ាល់ អ្នកបើកយន្ដហោះ ។ល។ បន្ទាប់ពីការកំណត់នេះរួចហើយ សិស្សានុសិស្ស ត្រូវបានផ្ដល់ឱ្យនូវ ក្រដាសម្នាក់មួយសន្លឹក និង ខ្មៅដៃពណ៌ដើម្បីគូរ និង ផាត់រូបរបស់ពួកគេ។ សិស្សនីមួយៗ គូររូបតំណាង ការងារក្នុងក្ដីស្រមៃ ដូចជា រូបមន្ទីរពេទ្យ   សៀវភៅ  កប៉ាល់ ។ល។ 



ការកំណត់អាជីពក្នុងក្ដីស្រមៃនឹងជួយឱ្យសិស្សានុសិស្សមានឆន្ទៈ និង គោលដៅច្បាស់លាស់ក្នុងការសិក្សារបស់ពួកគេ។ តាមរយៈសកម្មភាពក្នុងម៉ោងបំណិនជីវិតមួយនេះ សិស្សានុសិស្សមិនត្រឹមតែមានឱកាសដើម្បីស្វែងយល់ពីអ្វីដែលពួកគេស្រឡាញ់នោះទេ តែពួកគេក៏អាចចេះមានគំនិតច្នៃប្រឌិតក្នុងការគូររូបតំណាងអាជីពការងារផងដែរ។