ការបណ្ដុះបណ្ដាលស្ដីពីរបៀបប្រើប្រាស់ប្រព័ន្ធរំឭកទុកជាមុន (EWS)

នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ បានចូលរួមការបណ្ដុះបណ្ដាលរបៀបប្រើប្រាស់ប្រព័ន្ធរំឭកទុកជាមុន (EWS) ដែលត្រូវបានបង្រៀនដោយអ្នកគ្រូ ឈីន បូណាវត្តី និង អ្នកគ្រូ ប៊ុន លក្ខិណា ដោយមានការសម្របសម្រួលដោយលោក ម៉ៃ សុឃា បុគ្គលិកផ្នែក ICT របស់អង្គការ KAPE។ ក្នុងការបណ្ដុះបណ្ដាលនេះផងដែរ លោកគ្រូ អ្នកគ្រូ បានស្វែងយល់ពីសារៈប្រយោជន៍របស់ EWS និង របៀបនៃការប្រើប្រាស់ប្រព័ន្ធនេះដែលមាន ដូចជា ការស្រង់វត្តមាន ការបញ្ចូលពិន្ទុ ការដាក់កាលវិភាគ និង ការកត់ត្រាឥរិយាបថរបស់សិស្ស។ បន្ទាប់ពីបណ្ដុះបណ្ដាលរួច លោកគ្រូ អ្នកគ្រូ បានជជែកគ្នាថា ប្រព័ន្ធរំឭកទុកជាមុននេះ ពិតជាជួយការងារគ្រប់គ្រងរបស់សាលា ដូចជាគ្រប់គ្រងគ្រូបង្រៀន និង សិស្សបានល្អ។

 

វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកទុកជាមុន EWS

នៅថ្ងៃទី ៩-១០ ខែ​ ឧសភា ឆ្នាំ ២០២៣ អង្គការខេប បានរៀបចំនិងបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកទុកជាមុន (EWS) នៅការិយាល័យកណ្ដាល អង្គការខេប ខេត្តកំពង់ចាម និងចូលរួមដោយគ្រូបង្រៀន ICT និង គណៈគ្រប់គ្រងសាលាដែលស្ថិតក្នុងគម្រោង HCC និង EQUAL និងសាលាបឋមសិក្សាជំនាន់ថ្មីក្នុងខេត្តកំពង់ចាមចំនួន ៣ ទៀត ក្នុងគោលបំណងដើម្បីបង្ហាញពីរបៀបគ្រប់គ្រងទិន្ន័យគ្រូបង្រៀន និង សិស្ស និងតាមដានលទ្ធផលការសិក្សា អវត្តមាន និង ឥរិយាបថរបស់សិស្ស។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ អ្នកគ្រូ ប៊ុន លក្ខិណា និង អ្នកគ្រូ ឈីន បូណាវត្តី​ បានស្វែងយល់ពីរបៀបបញ្ចូលទិន្ន័យគ្រូបង្រៀន និង បញ្ជីឈ្មោះសិស្ស របៀបបញ្ចូលពិន្ទុ ការស្រង់វត្តមាន និង ការតាមដានឥរិយាបថរបស់សិស្សដើម្បីជួយកាត់បន្ថយការបោះបង់ការសិក្សារបស់ពួកគាត់។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល សាលាទាំងអស់ត្រូវបានអនុញ្ញាតឱ្យរៀបចំផែនការបន្ទាប់ដើម្បីប្រើប្រាស់កម្មវីធីប្រព័្ធរំឭកទុកជាមុន (EWS)នៅតាមសាលារៀងៗខ្លួន។ ដោយហេតុថាសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន កំពុងតែប្រើប្រាប់ប្រព័ន្ធគ្រប់គ្រងពិន្ទុសិស្សជាទម្រង់ Excel រួចមកហើយ ដូច្នេះសាលាក៏សម្រេចចិត្តថានឹងសាកល្បងប្រើប្រាប់ប្រព័ន្ធ EWS នៅឆ្នាំសិក្សាបន្ទាប់វិញ។