ការចុះទស្សនកិច្ចសិក្សារបស់សាលាបឋមនិងមធ្យមសិក្សានានាក្នុងរតនៈគិរី

នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំមកពីសាលាបឋម និងមធ្យមសិក្សានានាក្នុងខេត្តរតនៈគិរីបានចុះទស្សនកិច្ចសិក្សាមកកាន់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន និងវិទ្យាល័យ ហ៊ុន សែន កំពង់ចាមដើម្បីដកស្រង់បទពិសោធន៍ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី។

សកម្មភាពតាំងពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យព្រែកលាប

នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ សិស្សានុសិស្សចំនួនបីនាក់ មកពីថ្នាក់ទី ៤ខ ៥ខ និង ៦ក ដែលដឹកនាំដោយលោកនាយក បេង ហេង និង លោកគ្រូបន្ទុកថ្នាក់ បានចូលរួមបង្ហាញស្នាដៃសិស្សទាក់ទងនឹងការពិសោធន៍ធុងចម្រោះទឹក ការតសៀគ្វីជាសេរី និង បង្គុំ កន្សែងបង់ក និង រូបគំនូរដើមឈើ។ សាលាពិតជាមានភាពសប្បាយរីករាយ និង ត្រេកអរ ក្នុងការតាំងបង្ហាញអ្វីដែលសិស្ស និង គ្រូបានខិតខំធ្វើក្នុងឆ្នាំសិក្សានេះផងដែរ។ យើងក៏កត់សម្គាល់ឃើញថា សិស្សមានមោទកភាពចំពោះស្នាដៃរបស់ពួកគេ ដោយមានសិស្សានុសិស្សនៅវិទ្យាល័យព្រែកលាប មានការចាប់អារម្មណ៍ និង សាកសួរពីរបៀបនៃការធ្វើគម្រោងស្នាដៃនីមួយផងដែរ។

ការធ្វើទស្សនកិច្ចសិក្សាទៅកាន់សាលាចំនួន ៣ នៅប្រទេសថៃ

នៅថ្ងៃទី ២៥ ដល់ ៣០ ខែ មិថុនា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ ចំនួន ៣​ រូប ដូចជា អ្នកគ្រូ ម៉ន សុឃា អ្នកគ្រូ ប៊ុន លក្ខិណា លោកគ្រូ គង់ ណាវីន និង នាយិការង អ្នកគ្រូ សន សុម៉ាលី បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសាលាចំនួន ៣ ដែលមានដូចជា សាលាឡាំផ្លៃម៉ាត វិទ្យាល័យប៊ូលួងផីតថីយ៉ាខុម និង វិទ្យាល័យវិទ្យាសាស្រ្ដជូឡាផន នៅក្នុងខេត្តបុរីរាំ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកគ្រូ អ្នកគ្រូ បានសង្កេតមើលពីចំណុចល្អៗ របស់សាលារៀននីមួយៗ ហើយពួកគាត់ក៏ទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ដែលល្អៗ ជាច្រើន។ បន្ទាប់ពីការទស្សនកិច្ចរយៈពេល បី ថ្ងៃ លោកគ្រូ អ្នកគ្រូ បានចូលរួមប្រជុំឆ្លុះបញ្ចាំងពីអ្វីដែលសាលាអាចយកទៅអនុវត្តបានបន្ទាប់ពីត្រលប់មកវិញ។

ការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា

នៅវេលា ម៉ោង ៧: ០០ នាទីព្រឹក ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣  គណៈគ្រប់គ្រង់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ព្រមទាំង សិស្សានុសិស្សថ្នាក់ទី ៦ក  និងសិស្សជ័យលាភីអំណានថ្នាក់ជាតិកុមារី វិបុលរតនា ចាងជូលី ដែលបានដឹកនាំដោយលោកគ្រូ ចុង ហ្វីនី បានចូលរួមក្នុងពិធីប្រារព្វទិវាកុមារអន្តរជាតិ ដែលត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម និង មន្ទីរអប់រំ យុវជន និង កីឡា និង ធ្វើឡើងនៅទីលានប្រជុំគរុកោសល្យភូមិភាគ។ ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានធ្វើការសំណេះសំណាលនិងអានសារលិខិតពី សម្ដេចតេជោ ហ៊ុន សែន។ បន្ទាប់ពីមតិស្វាគមន៍នេះ លោកប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ក៏បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ។

 

ក្នុងពិធីនេះផងដែរ កុមារី វិបុលរតនា ចាងជូលី បានអានអត្ថបទអំណាន យ៉ាងពិរោះរណ្ដំ បង្កប់ទៅដោយអត្ថន័យអប់រំ ជាចំណែកដើម្បីអបអរសារទរទិវាដ៏សំខាន់សម្រាប់កុមារគ្រប់រូបក្នុងពិភពលោក។ ជាកិច្ចបញ្ចប់ កុមារ និង កុមារីពីររូប បានទទួលអំណោយអនុស្សាវរីយ៍ ជាសម្ភារៈសិក្សា តំណាងឱ្យសិស្សានុសិស្សទាំងអស់ក្នុងសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន។