សិស្សថ្នាក់ទី៥ រៀនកុំព្យូទ័រស្ដីអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានសិក្សាអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរ​​​ ដែលសិស្សានុសិស្សក្នុងមួយថ្នាក់មានចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ។ ក្រោយពេលសិស្សបានស្វែងយល់ទ្រឹស្ដីអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរតាមរយៈការងារក្រុម សិស្សអនុវត្តន៍សរសេរជាពាក្យ និងប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយដាក់ដៃបានត្រឹមត្រូវ និងរក្សាទុកឯកសារនៅក្នុងFolder រៀងៗខ្លួន ក្នុងនោះក៏មានសិស្សជួយសិស្សផងដែរ។ ចំណែកឯកិច្ចការផ្ទះសិស្សានុសិស្សដែលពុំមានកុំព្យូទ័រសម្រាប់អនុវត្តន៍នៅផ្ទះ សាលាបានអនុញ្ញាតឱ្យសិស្សមកធ្វើកិច្ចការផ្ទះនៅក្នុងបន្ទប់បណ្ណាល័យ ដែលមានកុំព្យូទ័រចំនួន ២គ្រឿង និងនៅក្នុងបន្ទប់កុំព្យុទ័រដែលមានកុំព្យូទ័រចំនួន ៣៦គ្រឿង ក្នុងនោះដែរសិស្សត្រូវយកTabletពីបណ្ណាល័យថតឯកសារនោះដាក់ក្នុងក្រុមថ្នាក់កុំព្យូទ័ររបស់ខ្លួន។ ចំណែកឯសិស្សដែលមានកុំព្យុទ័រ ក្រោយពេលអនុវត្តន៍កិច្ចការផ្ទះរួច ផ្ញើជាFileចូលក្រុមថ្នាក់កុំព្យូទ័រ។

  1. Read More …

ការប្រមូលផលដំណាំលើទឹក សាឡាដស្រួយរបស់សិស្សថ្នាក់ទី៦ក

នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៦ក បានប្រមូលផលដំណាំលើទឹក សាឡាដស្រួយ និង ទទួលបានប្រាក់ចំណូលដោយលក់ទៅវាក្នុងមួយគីឡូ ៦០០០ រៀល។ គួរឱ្យកត់សម្គាល់ផងដែរថា សិស្សានុសិស្សបានធ្វើការដាំដុះនេះ ជាក្រុមដោយដឹកនាំដោយលោកគ្រូ បន្ទុកថ្នាក់ លោកគ្រូ ចុង ហ្វីនី។ មុននឹងទទួលបានផលនេះ សិស្សានុសិស្សត្រូវថែរក្សាទឹក និង វាស់វែងដំណាំតាមការកំណត់ទុក។ នេះជាបំណិនជីវិតមួយដែលសិស្សបានរៀនសូត្រ ពីរបៀបនៃការដាំសាឡាដ ដែលជាប្រយោជន៍ដល់ជីវិតរបស់ពួកគេនៅពេលអនាគត។

ការធ្វើបទបង្ហាញពីសុជីវធម៌ក្នុងសង្គមរបស់សិស្សថ្នាក់ទី៦

នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី៦ខ បានចែករំលែកពីប្រធានបទការមានសុជីវធម៌ក្នុងសង្គម នៅដងទង់ជាតិ បន្ទាប់ពីពួកគេបានរៀនពីរបៀបធ្វើស្លាយនិងធ្វើបទបង្ហាញក្នុងម៉ោងកុំព្យូទ័រ។ ពួកគេបានជ្រើសរើសប្រធានបទនេះឡើង ដើម្បីធ្វើបទបង្ហាញនិងចែករំលែកទៅកាន់សិស្សានុសិស្សរួមសាលាដទៃទៀត ព្រោះសុជីវធម៌ក្នុងការរស់នៅពិតជាមានសារសំខាន់មែនទែនសម្រាប់មនុស្សគ្រប់គ្នា។

តាមរយៈសកម្មភាពនេះ សិស្សានុសិស្សកំពុងតែរៀនពីការចែករំលែក និង ពង្រឹងភាពក្លាហានរបស់ពួកគេក្នុងវ័យក្មេង។ មួយវិញទៀតពួកគេ ក៏បានរៀនរិះគិតពីចំណុចដែល អាចជាប្រយោជន៍ដល់សិស្សដទៃទៀត។

ការប្រឡងគណិតវិទ្យាអន្ដរជាតិសឹង្ហបុរី

នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ សិស្សានុសិស្សដែលមានចំណាត់ថ្នាក់លេខ១ ដល់ ៥ បានចូលរួមប្រឡងគណិតវិទ្យាអន្ដរជាតិសឹង្ហបុរី (Singapore Mathematic Competition) ឬ ហៅកាត់ថា SMC។ ក្នុងការប្រឡងនេះ សិស្សានុសិស្សតម្រូវឱ្យមាន លេខកូដរៀងៗខ្លួន និង ធ្វើសំណួរប្រឡងទៅតាមកម្រិតថ្នាក់នីមួយៗ ចាប់ពីថ្នាក់ទី ២ ដល់ទី៦។ ការប្រឡងនេះ ជួយឱ្យសិស្សមានការគិតបែបស៊ីជម្រៅ និង គណនាលេខឱ្យបានច្បាស់លាស់។ ដោយមានការរៀបចំនិងណែនាំដោយ អ្នកគ្រូប្រឹក្សាគរុកោសល្យ អ្នកគ្រូ ម៉ៅ ស្រីណេត និង ការសម្របសម្រួលពីគ្រូបន្ទុកថ្នាក់ សិស្សានុសិស្សបានប្រឡងចប់ឱ្យជោគជ័យ។

បន្ទាប់ពីប្រឡងរួចសិស្សានុសិស្ស មានអារម្មណ៍សប្បាយរីករាយ និង ប្រកួតប្រជែងគ្នាដោយសារសំណួរមានភាពស្មុគស្មាញ។ ដោយមូលហេតុនេះហើយទើប គណគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់កំពុងទន្ទឹងរងចាំលទ្ធផលជុំទី១ នៃការប្រឡងនេះដោយចិត្តអន្ទះសារផងដែរ។

ការចុះទស្សនកិច្ចសិក្សារបស់សាលាបឋមនិងមធ្យមសិក្សានានាក្នុងរតនៈគិរី

នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំមកពីសាលាបឋម និងមធ្យមសិក្សានានាក្នុងខេត្តរតនៈគិរីបានចុះទស្សនកិច្ចសិក្សាមកកាន់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន និងវិទ្យាល័យ ហ៊ុន សែន កំពង់ចាមដើម្បីដកស្រង់បទពិសោធន៍ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី។

ការតាំងពិព័រណ៍ស្នាដៃប្រចាំឆ្នាំ

នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៣ សាលាបឋមសិក្សាអនុវត្តន៍ហ៊ុនសែន បានរៀបចំការតាំងពិព័រណ៍ស្នាដៃរបស់សិស្ស បន្ទាប់ពីដំណើរការសិក្សាអស់រយៈពេលជិតមួយឆ្នាំ ដោយមានការចាត់ចែងរៀបចំពីគណគ្រប់គ្រងសាលា និង មានការគាំទ្រពីអាណាព្យាបាលរបស់សិស្ស។ ក្នុងកម្មវិធីនេះផងដែរ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូបានដាក់តាំងស្នាដែជាច្រើន រួមមានការធ្វើរូបផ្ទះពីក្រដាសឡាំង គំនូរដើមឈើ សៀវភៅក្លឹបនីមួយៗ ការតអំពូលសៀគ្វីជាសេរីនិងបង្គុំ ទឹកជម្រោះ​ និង ស្នាដៃជាច្រើនទៀត។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏បានចូលរួមលេងល្បែងសិក្សាដូចជា ល្បែងបែបគណិតវិទ្យា ដើមឈើស្នេហ៍ដែលសិស្សត្រូវចាប់សំណួរនិងឆ្លើយ និង ការប្រកួត Robotify និង Typing ផងដែរ។

សាលាក៏សូមកោតសរសើរនិងអរគុណដល់ការតាំងចិត្តខិតខំសម្ដែងបាំជូនពរ បើកកម្មវិធីរបស់សិស្សថ្នាក់ទី ២ និង ទី៣ផងដែរ និង សម្ដែងរឿងរបស់សមាជិកក្លឹបអង់គ្លេសផងដែរ។ យើងសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាណាព្យាបាលសិស្ស និង សាធារណជនផ្សេងៗទៀតផងដែរ។​ ជាចុងក្រោយសាលាសូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានដឹកនាំ និង បង្ហាញលទ្ធផលការសិក្សារបស់សិស្សទៅកាន់អាណាព្យាបាលសិស្ស។

ការរៀនអំពីទម្ងន់របស់សិស្សថ្នាក់ទី ២គ

សិស្សានុសិស្សថ្នាក់ទី ២គ បានរៀនពីទម្ងន់ និង ការប្រៀបធៀបពីរគិតជាគីឡូក្រាមដោយប្រើពាក្យធ្ងន់ជាង ស្រាលជាង និង ស្មើ។ ក្នុងសម្មភាពរៀននិងបង្រៀននេះផងដែរ សិស្សានុសិស្សបានអនុវត្តដោយជញ្ជីងថ្លឹងវត្ថុផ្សេងៗជាក់ស្ដែង និង ប្រាប់ពីទម្ងន់ដែលពួកគេបានប្រៀបធៀប។

ការរៀនពីបរិមាណចតុកោណកែងរបស់សិស្សថ្នាក់ទី ៣ក

សិស្សានុសិស្សថ្នាក់ទី ៣ក បានរៀនពីបរិមាណចតុកោណកែង និង ធ្វើការងារក្រុមដើម្បីអនុវត្តអ្វីដែលបានរៀន។ យើងសង្កេតឃើញថា សិស្សានុសិស្សមានការយកចិត្តទុកដាក់ និង ចូលរួមយ៉ាងសកម្មក្នុងការថ្នាក់រៀន។

ការរៀនធ្វើរូបសត្វងាយៗ ក្នុងម៉ោងបំណិនជីវិតថ្នាក់ទី ២គ

នៅក្នុងម៉ោងបំណិនជីវិត សិស្សានុសិស្សថ្នាក់ទី ២គ បានរៀនពីរបៀបធ្វើរូបសត្វងាយៗ ដោយប្រើក្រដាសពណ៌ និង ឡាំង ដែលស្អាតៗ​ និង ពណ៌ចម្រុះ។

ជំនួបរវាងគណៈគ្រប់គ្រងសាលានឹងអាណាព្យាបាលសិស្សថ្នាក់ទី១

នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ គណៈគ្រប់គ្រងសាលា និង អាណាព្យាបាលសិស្សថ្នាក់ទី ១ ទាំង ៣ ថ្នាក់បានចូលរួមប្រជុំដើម្បីស្វែងយល់ពីដំណើរការសាលារៀនជំនាន់ថ្មី វិន័យរបស់សាលា សកម្មភាពរៀន និង បង្រៀន លទ្ធផលសិក្សារបស់សិស្ស។ ក្នុងការប្រជុំនេះផងដែរ លោកនាយក នាយិកា បានសំណេះសំណាល ជាមួយអាណាព្យាបាល និង ជំរុញឱ្យពួកគាត់ចូលរួមសហការបន្ថែមទៀតដើម្បីឱ្យការសិក្សារបស់កូនៗ ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរ។