សកម្មភាពប្រជុំអាណាព្យាបាលសិស្សគ្រប់កម្រិតថ្នាក់របស់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

សាលារៀនជំនាន់ថ្មី ជាសាលារៀនមួយដែលទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាលជាងសាលាររៀនធម្មតា ព្រោះកម្មវិធីសាលារៀនជំនាន់ថ្មីនេះមានការផ្ដល់ជូនសេវាដូចជា

  • មានបន្ទប់Computer សម្រាប់សិស្សរៀន
  • មានTablet សម្រាប់សិស្សរៀន
  • គ្រូមានកុំព្យូទ័រម្នាក់មួយគ្រឿង
  • ដំណើរការបង្រៀនមានស្លាយជាជំនួយ
  • មានសម្ភារៈសម្បូរ​បែប
  • មានក្លឹបសិក្សាចំនួន៨
  • មានបំណិនជីវិតដូចជាដាំដំណាំ ចម្អិនម្ហូប ធ្វើបង្អែម
  • មានគ្រូបរទេសជួយបង្រៀនដោយស្ម័គ្រចិត្តដល់សិស្សកម្រិតទី៣ ដល់ទី៦
  • សិស្សអាចធ្វើបទបង្ហាញតាមរយៈស្លាយបង្ហាញ
  • សិស្សរៀនបានពេញមួយថ្ងៃ
  • ផ្ដល់ជូនសន្លឹកកិច្ចការផ្ទះជារៀងរាល់ថ្ងៃ
  • តាមដានការសិក្សារបស់សិស្សជាប្រចាំជាមួយអាណាព្យាបាលសិស្ស
  • កំណត់ចំនួនសិស្សច្រើនបំផុត ៣៦នាក់
  • សិស្សបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានា
  • មានគ្រូប្រឹក្សាគរុកោសល្យសម្រាប់ជួយជាបច្ចេកទេសបង្រៀនដល់លោកគ្រូ អ្នកគ្រូ
  • មានគ្រូពេទ្យប្រចាំការនៅសាលារៀន
  • មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង
  • បរិស្ថានសាលារៀនមានអនាម័យ សណ្ដាប់ធ្នាប់ របៀបរាបរយ ធំទូលាយ​ ជាដើម។

ការផ្ដល់សេវាទាំងនេះហើយទើបធ្វើសិស្សឆាប់យល់ ងាយចាប់ខ្លឹមសារមេរៀនបាន និងចង់ចាំបានយូរ  ម្យ៉ាងវិញសិស្សានុសិស្សមានភាពរីករាយក្នុងការសិក្សា ទើបធ្វើឱ្យលទ្ធផលសិក្សាចុងឆ្នាំរបស់ទទួលបានលទ្ធផលល្អ។ ប្រសិនបើពុំមានការគាំទ្រពីអាណាព្យាបាលទេ សាលាក៏ពុំមានលទ្ធភាពផ្ដល់សេវាអប់រំបានយ៉ាងល្អបែបនេះដែរ។ ដូច្នេះហើយទើបគណៈគ្រប់គ្រងសាលារៀន បានអញ្ជើញអាណាព្យាបាលសិស្សជួបជុំគ្នា ពិភាក្សារឿងការសិក្សារបស់កូន ផ្សព្វផ្សាយអំពីវិន័យនៅក្នុងសាលារៀនដោយគ្រូដឹកនាំក្រុមប្រឹក្សាកុមារ ការចំណូលចំណាយរបស់សាលារៀន។ ការប្រជុំប្រព្រឹត្តទៅរយៈពេល ៤ដងមានអាណាព្យាបាលចូលរួម75%គឺ:

  • កម្រិតថ្នាក់ទី១ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
  • កម្រិតថ្នាក់ទី២ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
  • កម្រិតថ្នាក់ទី៣ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
  • កម្រិតថ្នាក់ទី៤ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
  • កម្រិតថ្នាក់ទី៥ និងទី៦ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤

នៅក្នុងការប្រជុំក៏មានមតិរបស់អាណាព្យាបាលកោតសរសើរជាមួយសេវារបស់សាលារៀន ហើយអាណាព្យាបាលថានឹងបន្តជួយគាំទ្រសាលារៀនបន្តទៀត។

 

សកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៥ខ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៥ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងអំណាន ក្រោមការដឹកនាំរបស់លោកគ្រូ យ៉េន បញ្ញា ជាគ្រូទទួលបន្ទុកថ្នាក់ទី៥ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងអំណានសិស្សថ្នាក់ទី៥ខ។

សកម្មភាពមុនពេលអាន

លោកគ្រូបានណែនាំដល់សិស្សានុសិស្សអំពីការប្រឡងអំណាន ដោយយើងមានគណៈកម្មការចំនួន ៥រូបរងចាំចាប់កំហុសរបស់ប្អូននៅពេលដែលប្អុនអានខុសប្រក្រតីណាមួយ ដូច្នេះសូមប្អុនៗអានដោយយកចិត្តទុកដាក់ កុំភ័យខ្លាច។ លោកគ្រូក៏បានដឹកនាំសិស្សរៀបចំប្លង់តុសម្រាប់អ្នកអង្គុយអាន និងគណៈកម្មការទាំង ៥រូបដូចខាងក្រោម

    • គណៈកម្មការត្រួតពិនិត្យល្បឿនក្នុងការអាន
    • គណៈកម្មការត្រួតពិនិត្យការអានស្ទួន
    • គណៈកម្មការត្រួតពិនិត្យការអានលើស
    • គណៈកម្មការត្រួតពិនិត្យការអានខុស
    • គណៈកម្មការត្រួតពិនិត្យការអានរំលង

អំឡុងពេលប្រឡង

សិស្សានុសិស្សាបានឡើងអាន អង្គុយចំពីមុខតុគណៈកម្មការទាំង ៥រូបដោយមានភាពជឿជាក់ ពុំមានអារម្មណ៍ភ័យខ្លាច ដោយសារតែមិនថាពេលរៀន ឬរាល់ពេលប្រឡងតែងតែធ្វើសកម្មភាពបែបនេះ នោះជាហេតុធ្វើឱ្យកុមារគ្រប់រូបភាពជំនឿជាក់លើខ្លួនឯង។

ក្រោយពេលអាន

សិស្សានុសិស្សថ្នាក់ទី៥ខ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាសិស្សទាំង ៣៦នាក់ក្នុងការប្រឡងអំណាននេះ។​

បំណិនផ្សារភ្ចាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សស៊ាំនឹងស្ថានភាពបែបនេះ ធ្វើឱ្យសិស្សមានភាពក្លាហានជាងសិស្សដទៃទៀតដែលពុំធ្លាប់ជួបនឹងស្ថានភាពបែបនេះ។ ធ្វើអ្វីក៏ដោយប្រសិនបើយើងមានភាពក្លាហានទុកថាយើងទទួលបានជោគជ័យ៥០%បាត់ទៅហើយ។ ក្នុងនោះជាគ្រូបង្រៀនតែងតែចង់ឃើញសិស្សជោគជ័យគ្រប់ៗគ្នា​ ដូច្នេះទើបគ្រូតែងតែសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលានានា ដើម្បីពាំនាំចំណេះដឹងទាំងនោះមកបង្រៀនសិស្សរបស់ខ្លួន។

បំណិនជីវិត ស្ដីអំពីការធ្វើប្រអប់ដាក់ប៊ិករបស់សិស្សថ្នាក់ទី៥ខ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើប្រអប់ដាក់ប៊ិក ក្រោមការដឹកនាំរបស់លោកគ្រូ យ៉េន បញ្ញា ជាគ្រូទទួលបន្ទុកថ្នាក់ទី៥ខ។

សកម្មភាពមុនពេលធ្វើ

លោកគ្រូបានត្រៀមសម្ភារៈសម្រាប់ផលិតប្រអប់ដាក់ប៊ិកមានដូចជា ក្រដាសរ៉ាមពណ៌ កន្ត្រៃ បន្ទាត់ ខ្មៅដៃ និងកាវជាដើម។ លោកគ្រូបានណែនាំឱ្យប្រើប្រាស់សម្ភារៈទាំងអស់នេះដោយប្រុងប្រយ័ត្ន ព្រោះវាអាចបង្ករគ្រោះថ្នាក់បាន។

សកម្មភាពអំឡុងពេលធ្វើ

លោកគ្រូបានចាក់ជាវីដេរអូពីយូធូបដោយបានបញ្ចាំងទៅលើស្លាយឱ្យសិស្សរៀនធ្វើតាម ដែលមានតាំងពីរបៀបវាស់វែង  របៀបកាត់ក្រដាស របៀបបត់ និងច្នៃពណ៌ដែលយើងចូលចិត្តជាដើម។

សកម្មភាពក្រោយពេលធ្វើ

សិស្សានុសិស្សធ្វើប្រអប់ដាក់ប៊ិកបានម្នាក់មួយសម្រាប់ដាក់សម្ភារៈសិក្សាមួយចំនួនដូចជាប៊ិក ខ្មៅដៃ ជ័រលុប ទឹកលុប បន្ទាត់ ដែកឈាន ហ្វឺតជាដើម។ សូមបញ្ជាក់ថាសិស្សមួយតុអង្គុយពីរនាក់ តែពួកគេដាក់ប្រអប់ប៊ិកតែមួយ ទុកដាក់សម្ភារៈសិក្សារួមគ្នា​ នៅពេលប្រអប់ប៊ិកមួយនេះខូចគេយកមួយទៀតមកប្រើម្ដង។ បន្ទាប់ពីពួកគេផលិតស្នាដៃរបស់ពួកគេបានសម្រេច ទឹកមុខរបស់ពួកគេពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ ដោយក្ដីរំភើបចំពោះស្នាដៃរបស់ពួកគេ។ សកម្មភាពរៀនបែបនេះធ្វើឱ្យសិស្សកាត់បន្ថយភាពស្ត្រេសនឹងមេរៀនណាដែលពួកគេគិតថាស្មុគស្មាញ ពិបាកយល់។

បំណិនផ្សារភ្ជាប់ទៅនឹងជីវិភាពរស់នៅប្រចាំថ្ងៃ

ការរៀនបែបនេះយើងមើលទៅងាយៗ តែសិស្សដែលពុំដែលបានធ្វើពួកគេគិតថាវាអស្ចារ្យខ្លាំងណាស់សម្រាប់ពួកគេ ដែលអាចផលិតមួយបានយកមកប្រើប្រាស់រាល់ថ្ងៃ ពេលខ្លះពួកគេមិនសូវសប្បាយចិត្តនឹងរឿងអ្វីមួយ ពួកគេចាប់អារម្មណ៍លើប្រអប់ប៊ិកមួយនេះក៏ពួកគេនឹងឃើញពេលពួកគេធ្វើក៏អាចថាបាន។ នៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេបានធ្វើដាក់លើតុរៀនរបស់ពួកគេសម្រាប់ទុកសម្ភារៈសិក្សាមួយចំនួន ម៉ាក់ប៉ារបស់ពួកគេក៏សប្បាយចិត្តផងដែរ ដែលកូនចេះច្នៃបង្កើតបានដោយខ្លួនឯង។

សកម្មភាពផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាកុមារនៅក្នុងសាលារៀន

នៅថ្ងៃទី១០ ខេមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាកុ​មារ នៃសាលាបឋមសិក្សាអនវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះផ្សព្វផ្សាយតាមថ្នាក់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦​ស្ដីអំពី វិន័យ សណ្ដាប់ធ្នាប់ និងសុជីវធម៌នៅក្នុងសាលារៀន ក្រោមការដឹកនាំរបស់លោកគ្រូ ចុង ហ្វីនី ជាគ្រូដឹកនាំក្រុមប្រឹក្សាកុមារប្រចាំសាលារៀន។

បំណិនជីវិតស្ដីអំពីការចម្អិនសម្លម្ជូរគ្រឿងសាច់គោរបស់សិស្សថ្នាក់ទី៦ខ

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍  ហ៊ុនសែន បានចម្អិនម្ហូបសម្លម្ជូរគ្រឿង ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូបន្ទុកថ្នាក់ទី៦ខ។ សាលាជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្រៀនឱ្យមានទាំងចំណេះធ្វើផងដែរ។

សកម្មភាពមុនពេលចម្អិន

លោកគ្រូបានបែងចែកសិស្សជា ៤ក្រុមក្នុងមួយក្រុមៗត្រូវចម្អិនសម្លម្ជូរគ្រឿងដូចគ្នាៗ ដោយលោកគ្រូបានឱ្យថវិកាទៅសិស្សក្នុងមួយក្រុមចំនួន ២០,០០០រៀលគត់ ដើម្បីគ្រប់គ្រងការចំណាយសម្រាប់ម្ហូបមួយមុខនេះ។ បន្ទាប់មកសិស្សចាប់ផ្ដើមរៀបចំផែនការដូចខាងក្រោម៖

  • សាច់គោ(២ខាំ) x ៣,៥០០៛ = ៧,០០០៛
  • គ្រឿងបុក = ១,០០០៛
  • ម្ទេសក្រហម = ៥០០៛
  • អំពិលទុំ = ១,០០០៛
  • ត្រកួន២ដុំ x ១,០០០៛​ = ២,០០០៛
  • ស្លឹកក្រូចសើច = ៥០០៛
  • ប្រហុក = ១,០០០៛
  • ទឹកត្រី = ៣,៥០០៛
  • អំបិល = ៥០០៛
  • ម្សៅស៊ុប = ៥០០៛
  • ស្ករស = ៥០០៛
  • ខ្ទិះដូង = ១,០០០៛
  • កំណត់ឈ្មោះអ្នកឡើងផ្សារ
  • សិស្សផ្សេងទៀតនៅក្នុងក្រុមរៀបចំចាន ឆ្នាំង ជ្រុញ កាំបិត កញ្ច្រែង កាធុន ចង្ក្រានហ្គាស់ជាដើម(សម្ភារៈរបស់សាលារៀន)។

ក្រោយពេលសិស្សរៀបចំផែនកា លោកគ្រូទទួលបន្ទុកថ្នាក់បានដឹកនាំសិស្សឡើងផ្សារបឹងកុកដែលមានចម្ងាយប្រហែលជា ២០០ម៉ែត្រពីសាលារៀន ដោយមធ្យោបាយឡានរបស់លោកគ្រូផ្ទាល់។

សកម្មភាពអំឡុងពេលចម្អិន

ក្រោយពេលសិស្សបញ្ជប់ការឡើងផ្សារ សិស្សបានត្រឡប់មកក្នុងថ្នាក់វិញជួយគ្នារៀបចំលាងសម្អាតបន្លែ សាច់ និងហាន់សាច់ កាត់បន្លែ ដើម្បីរៀបចំចម្អិន។ រយៈពេល១៥នាទីក្រោយមក សិស្សក្នុងមួយក្រុមៗបានចម្អិនសម្លម្ជូរគ្រឿងបានមួយឆ្នាំដែលមានរសជាតិឆ្ងាញ់ ដែលបានមកពីការចេះ សហការ សាមគ្គីភាពគ្នា និងចេះរៀបចំផែនការបានត្រឹមត្រូវ។

សកម្មភាពក្រោយពេលចម្អិន

ក្រោយពេលចម្អិនរួច សិស្សានុសិស្សក៏បានយកសម្លជូនគណៈកម្មការជាគ្រូបង្រៀននៅក្នុងសាលារៀនដែលសិស្សានុសិស្សបានអញ្ជើញមកធ្វើជាគណៈកម្មការភ្លក់ម្ហូបដើម្បីដាក់ពិន្ទុ។ ក្រោយពេលគណៈកម្មការទាំង៨រូបបានភ្លក់សម្លស្នាដៃសិស្ស គណៈកម្មការបានកោតសរសើរសិស្សថាពិតជាពូកែ ដែលសិស្សត្រឹមតែថ្នាក់ទី៦អាចមានសមត្ថភាពចម្អិនសម្លម្ជូរគ្រឿងដែលមានរសជាតិឆ្ងាញ់បែបនេះ ហើយចេះសាមគ្គីគ្នាបានយ៉ាងល្អទៀតផង។ ដោយគណៈកម្មការចំនួន២រូបៗពិភាក្សាគ្នាដាក់ពិន្ទុតែមួយរូប។

បំណិនផ្សាភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃ

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សមានបំណិនទាំងចំណេះដឹង និងចំណេះធ្វើ ហើយសិស្សនឹងយកមុខម្ហូបមួយនេះទៅចម្អិននៅតាមផ្ទះរៀងៗខ្លួនសម្រាប់ក្រុមគ្រួសារ ដោយក្ដីរីករាយ នឹងមានសុភមង្គលនៅក្នុងគ្រួសារ។

សកម្មភាពបង្រៀនដោយស្ម័គ្រចិត្តរបស់ Mr. Ethan ជាជនជាតិអាមេរិក

នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ជាកម្មវិធីសាលារៀនជំនាន់ថ្មី ដែលធានាការអប់រំកម្រិតខ្ពស់ក្នុងនោះសិស្សត្រូវរៀនរយៈពេល៧ម៉ោងសិក្សាក្នុងមួយថ្ងៃ ដែលគ្រូមានស្ដង់ដាវិជ្ជាជីវៈខ្ពស់ព្រោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលបម្រើការងារនៅសាលារៀនជំនាន់ថ្មីត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុមប្រឹក្សាភិបាលសាលារៀន ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូ ក៏ត្រូវឆ្លងកាត់ការវាយតម្លៃចុងឆ្នាំជារៀងរាល់ឆ្នាំជាមួយក្រុមប្រឹក្សាភិបាលសាលារៀន ដើម្បីបន្តកិច្ចសន្យាជាមួយសាលារៀនជំនាន់ថ្មី។ សិស្សដែលរៀននៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីមិនត្រឹមតែទទួលបានចំណេះដឹងនោះទេ ថែមទាំងមានបំណិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ បំណិនជីវិតដាំដំណាំ ការដាំស្ល​ ដេរប៉ាក់ សិល្បៈ​​ ការធ្វើបទបង្ហាញ មានភាពជឿជាក់លើខ្លួនឯងជាដើម។ នៅសាលារៀននេះក៏មានក្លឹបសិក្សាចំនួន ៩​គឺ ក្លឹបប្រវត្តិ ក្លឹបអង់គ្លេស ក្លឹបថតរូប ក្លឹបកីឡា ក្លឹបគណិតវិទ្យា ក្លឹបភាសាខ្មែរ ក្លឹបនិពន្ធ ក្លឹបព្រឹត្តិបត្រ និងក្លឹបសិល្បៈ ដែលធ្វើឡើងសម្រាប់ឱ្យសិស្សដែលមានចំណាប់អារម្មណ៍ និងមានបំណិនដូចៗគ្នារៀនជាមួយគ្នាដើម្បីបង្កើតអ្វីដែលខ្លួនចង់បាន។ ក្នុងនោះក៏មានគ្រូជនជាតិអាមេរិកឈ្មោះMr Ethan ដែលមកពីស្ថាប័ន Peace Corps Cambodia​ លោកបានជួយបង្រៀនភាសាអង់គ្លេសដោយស្ម័គ្រចិត្ត ដល់សិស្សានុសិស្សពីថ្នាក់ទី៣ ដល់ទី៦ ក្នុងមួយថ្នាក់មានរយៈពេល២ម៉ោងសិក្សាក្នុងមួយសប្ដាហ៍ដើម្បីធ្វើឱ្យសិស្សមានបំណិនក្នុងការទំនាក់ទំនងជាមួយបរទេស មានបំណិនក្នុងការស្ដាប់ អាន និងសរសេរបានល្អ។ ក្រៅពីនេះគ្រូបន្ទុកថ្នាក់ជាអ្នកបង្រៀន។ សូមបញ្ជាក់ថាសិស្សានុសិស្សបានសិក្សាភាសាអង់គ្លេសមួយម៉ោងសិក្សានៅម៉ោង៤:០០នាទី ដល់៥: ០០នាទី ជារៀងរាល់ថ្ងៃគ្រប់កម្រិតថ្នាក់។

សិស្សថ្នាក់ទី៣ខ ប្រើប្រាស់សេវាបណ្ណាល័យ រកពាក្យវេវចនសព្ទ

នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ផៃ ស្រីណុច ជាគ្រូបង្រៀនថ្នាក់ទី ៣ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យវេវចនសព្ទនឹងពាក្យ ចិត្ត ចក្រ ស្រទ្បាញ់ ពីរ។ មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ ក្រោយពេលសិស្សរកពាក្យវេវចនសព្ទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

ការចុះត្រួតពិនិត្យនំចំណីអាហារដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប”

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប” បានចុះត្រួតពិនិត្យនំចំណីអាហារនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី)​ ជួបជាមួយអ្នកលក់ដូរនំចំណីអាហារនៅក្នុងសាលារៀន ណែនាំពីនំចំណីអាហារណាដែលគួរលក់ និងមិនគួរលក់ ថែមទាំងបានណែនាំពីអនាម័យទុកដាក់នំចំណីអាហារឱ្យមានអនាម័យល្អ​។ ក្រោយពីបានចុះណែនាំដល់អ្នកលក់ដូរនំចំណីអាហារនៅក្នុងសាលារៀនក៏បានជួបប្រជុំជាមួយសិស្សានុសិស្សនៅក្នុងសាលាប្រជុំធំ ណែនាំការស្វែងយល់ក្នុងការជ្រើសរើសនំចំណីអាហារដែលមានសុវត្ថិភាពដល់សិស្សានុសិស្សមានដូចជា៖

  1. សំបកវេចខ្ចប់ដែលមានស្លាកសញ្ញាត្រឹមត្រូវ  ​ ឈ្មោះ អាសយដ្ឋានអ្នកទទួលខុសត្រូវ គ្រឿងផ្សំ ពត៌មានអាហារូបត្ថម្ភ លក្ខខណ្ឌរក្សាទុក ប្រភពផលិតផល ទម្ងន់សុទ្ធ ថ្ងៃខែឆ្នាំផលិត ផុតកំណត់ប្រើប្រាស់​ លេខឡូតិ៍ និងរបៀបប្រើប្រាស់។
  2. សូមបប្រុងប្រយ័ត្នចំពោះផលិតផល ប្រភេទម្ហូបអាហារដែឡអាចប្រើប្រាស់សារធាតុគីមីហាមឃាត់ ស្រា ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា ប្រភពផលិតផល ការដាកតាំងលក់មិនមានលកក្ខណៈត្រឹមត្រូវ បន្លែ ផ្លែឈើស្រស់ដែលមានសំណល់ថ្នាំកសិកម្មលើសកម្រិត អំបិលគ្មានជាតិអ៊ីយ៉ូដ ប្រេង ឬខ្លាញ់ដែលប្រើប្រាស់ច្រើនដង និងម្ហូបអាហារដែលចម្អិនជ្រុល(ខ្លោច) អាចបង្កឱ្យមានជំងឺមហារីក
  3. សូមជៀសវាងការជ្រើសរើសផលិតផល កំពិត ឬប៉ោង ច្រែះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ ម្ហូបអាហាររក្សាទុកខុសលក្ខខណ្ឌសីតុណ្ហភាព ផលិតផលក្លែងបន្លំគុណភាព(ស្ករស ស្ករអំពៅ ក្លែងបន្លំធ្វើជាស្ករត្នោត) តាំងលក់គ្មានអនាម័យ គ្មានស្លាកសញ្ញា ម្ហូបអាហារក្លែងក្លាយ(ឧទាហរណ៍ បង្គាស្រស់មានចាក់ចាហួយ)

បន្ទាប់ពីការណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប” សិស្សានុសិស្សបានចោទជាសំណួរមួយចំនួននូវអ្វីដែលគាត់ពុំទាន់បានយល់អំពីបញ្ហានំចំណីអាហារដែលគាត់កំពុងតែប្រើប្រាស់ និងនំចំណីអាហារដែលគាត់ឃើញគេលក់នៅទីផ្សារ បង្កឱ្យបរិយាកាសក្នុងសាលប្រជុំទាំងមូលសប្បាយរីករាយ និងទទួលបានចំណេះដឹងល្អជាច្រើន ដែលមានសំណួរចម្លើយជាច្រើនរវាងសិស្សានុសិស្ស និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក.ប.ប”។ ក្រោយពេលសិស្សានុសិស្សបានយល់ច្បាស់អំពីនំចំណីអាហារដែលគួរបរិភោគ និងមិនគួរបរិភោគ សិស្សនឹងយកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយផ្សំផ្សាយបន្តនូវអ្វីដែលគាត់បានដឹងបន្ទាប់ពីមួយប្រជុំនេះ។

សិស្សថ្នាក់ទី៦ក រៀនកុំព្យូទ័រអំពី ការប្រើប្រាស់Tab menu Insert នៅក្នុងMs. Power Point

នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ក នៃសាលាបឋមសិក្សាអនុវត្ត ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) មានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ​ មឿន ស៊ីណា ជាគ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី៤ ដល់ទី៦។ នៅថ្ងៃនេះសិស្សានុសិស្សបានស្វែងយល់អំពីការប្រើប្រាស់ Tab menu Insert នៅក្នុងMs. Power Point មានដូចជា ការបង្កើតតារាង ការទាញរូបភាពពី This Device និងOnline Pictures ការជ្រើសរើសShape Smart Art និងChart។

ក្រោយពេលសិស្សបានស្វែងយល់តាមរយៈការបង្ហាញរបស់គ្រូនៅលើផ្ទាំងស្លាយ សិស្សានុសិស្សបានអនុវត្តទទួលបានលទ្ធផលដូចខាងក្រោម៖

បង្កើតតារាង

ទាញរូបភាពពីThis Device និងOnline pictures

ទាញផ្នែកមួយៗរបស់ Shape  ផ្គុំចេញជារូបមនុស្ស

ទាញ Smart Art ដើម្បីបង្ហាញពីវដ្តរបស់មេអំបៅ

ទាញ Chart ដើម្បីបង្ហាញពីពិន្ទុកុំព្យូទ័រថ្នាក់ទី៤ ទី៥ និងទី៦

នេះជាសកម្មភាពសិស្សអនុវត្តន៍ផ្ទាល់លើកុំព្យូទ័រម្នាក់មួយគ្រឿង

ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សអាចយកបំណិននេះទៅប្រើប្រាស់ក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់គាត់បាន តាមរយៈការធ្វើបទបង្ហាញ​។​

ការហ្វឹកហាត់វាយអក្សររបស់សិស្សថ្នាក់ទី៤ក

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៤ក នៃសាលបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានសិស្សសរុបចំនួន ៣៦នាក់​​ ដែលបង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ជាគ្រូបង្រៀនកុំព្យូទ័រកម្រិតបឋម។ សិស្សានុសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard តាមរយៈផ្ទាំងខាងក្រោម ដែលបបញ្ជាំងនៅលើផ្ទាំងស្លាយ។នៅពេលបង្ហាញផ្ទាំងនេះ អ្នកគ្រូបានចោទសួរសិស្សអំពីរបៀបដាក់សម្រាមដៃនីមួយៗដោយការចាប់ឈ្មោះ។ បន្ទាប់មកអ្នកគ្រូបានចែកផ្ទាំងនេះដល់សិស្សម្នាក់មួយសន្លឹក។

ក្រោយពេលសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard សិស្សទាំងអស់បានចូលអនុវត្តន៍ក្នុងកម្មវិធី Rapid Typing វាយអក្សរជាភាសាអង់គ្លេសតាមលំដាប់លំដោយនៃមេរៀន។ សូមបញ្ជាក់ផងដែរថាកម្មវិធីRapid Typingនេះពុំត្រូវការប្រើប្រាស់អ៊ីនធឺណែតនោះទេ។ ខាងក្រោមនេះជាលីងតំណភ្ជាប់សម្រាប់តម្លើងកម្មវីធីRapid Typing.

លីងតំណភ្ជាប់ៈ https://rapidtyping.com/downloads.html

ខណៈពេលដែលសិស្សានុសិស្សកំពុងវាយអក្សរក្នុងកម្មវិធីRapid Typing មានកិត្តិយសណាស់ដែលខាងប្រធាន និងអនុប្រធានការិយាល័យបឋមនៃមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលាបឋមអនុវត្តន៍ ហ៊ុនសែនលោកក៏បានឈាងចូលនៅក្នុងបន្ទប់កុំព្យូទ័រផងដែរ។ លោកប្រធាន និងអនុប្រធាន លោកបានកោតសរសើរចំពោះការបង្រៀន និងរៀនបែបនេះ លោកថែមទាំងបានលើកទឹកចិត្តដល់គ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រឱ្យបន្តរក្សាការបង្រៀនបែបនេះកុំឱ្យបាត់បង់ និងបន្តរកអ្វីដែលថ្មីៗសម្រាប់សិស្សានុសិស្ស។

ក្រោយពេលសិស្សរៀនមេរៀននេះចប់ អ្នកគ្រូបានទម្លាក់លីងកម្មវិធីនេះចូលក្នុងក្រុមថ្នាក់ទី៤ក ដើម្បីឱ្យអាណាព្យាបាលសិស្សតម្លើងកម្មវិធីនេះរៀនវាយនៅផ្ទះរៀងៗខ្លួន។ ចំណែកឯសិស្សដែលពុំមានកុំព្យូទ័រ សាលាបានអនុញ្ញាតឱ្យសិស្សមកសិក្សានៅក្នុងបន្ទប់បណ្ណាល័យដែលមានកុំព្យុទ័រចំនួន ២គ្រឿង និងបន្ទប់កុំព្យូទ័រដែលមានចំនួន ៣៦គ្រឿង។​ ពេលសិស្សវាយអក្សរនៅក្នុងកម្មវិធីនេះចប់សិស្សមានបំណិនក្នុងការវាយអក្សរ ពាក្យបានលឿន និងត្រឹមត្រូវ។